បរទេស ៖ កូនប្រុសរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter ត្រូវបានតុលាការ ក្រុង Delaware រកឃើញថាមានពិរុទ្ធភាព លើការចោទប្រកាន់ផ្នែក សហព័ន្ធចំនួនបី ទាក់ទងនឹងការកាន់ កាប់អាវុធ ខណៈពេលដែលញៀនថ្នាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Hunter Biden ត្រូវបានគេចោទប្រកាន់ពីបទ និយាយកុហក លើទម្រង់ទិញ កាំភ្លើងក្នុងឆ្នាំ២០១៨ បញ្ជាក់ដោយមិនពិតថា គាត់មិនមែនជាអ្នកញៀនថ្នាំ នៅពេលដែលគាត់កំពុង ប្រើកូកាអ៊ីននៅពេលនោះ ។
សាលក្រមកាលពីថ្ងៃអង្គារ មានន័យថា លោក Hunter Biden គឺជាកូនប្រុសច្បង របស់ប្រធានាធិបតីដែលកំពុងកាន់តំណែង ត្រូវបានកាត់ទោស នៅក្នុងតុលាការ សហព័ន្ធ ។ គាត់អាចជាប់ពន្ធនាគាររហូតដល់ ២៥ ឆ្នាំ ទោះបីជាការកាត់ទោសត្រូវ បានរំពឹងថានឹងមានភាពធូរស្រាលជាងនេះក៏ដោយ។
នៅក្នុងវគ្គនៃការកាត់ក្តីរយៈពេលមួយសប្តាហ៍ គណៈវិនិច្ឆ័យបានឮព័ត៌មានលម្អិតអំពីប្រវត្តិ របស់លោក Hunter Biden ជាមួយនឹងគ្រឿងញៀន ក៏ដូចជាការផ្តល់សក្ខីកម្មពីអតីតដៃគូស្នេហារបស់គាត់ ។ ពួកគេក៏បានមើលសារផ្ទាល់ខ្លួន និងរូបថតឯកជនរបស់គាត់ផងដែរ ។ ការកាត់ទោសបានបង្ហាញកុំព្យូទ័រយួរដៃ របស់លោក Hunter Biden ដែលជាកុំព្យូទ័រដូចគ្នាដែលបង្កឱ្យមានរឿងអាស្រូវឆ្នាំ ២០២០ បន្ទាប់ពីកូនប្រុសរបស់ប្រធានាធិបតី បានទុកវានៅហាងជួសជុល Delaware ជាភស្តុតាង៕
ប្រែសម្រួលៈ ណៃ តុលា