យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ពួកហាម៉ាសចំពោះសំណើ ដែលព្រាងដោយសហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់-ចំណាប់ខ្មាំង ហើយចលនានេះបានច្រានចោល។
ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅមុនថ្ងៃ ដែលពួកគេបានបញ្ចេញការឆ្លើយតបរបស់ពួកគេ ចំពោះសំណើទៅកាន់អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប ដោយបង្ហាញពី “ឆន្ទៈក្នុងការដោះស្រាយជាវិជ្ជមាន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ” ។ ពួកគេបានសង្កត់ធ្ងន់លើអាទិភាពរបស់ពួកគេក្នុងការបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប និងធានាការដកទ័ពអ៊ីស្រាអែល ទាំងស្រុងចេញពីទឹកដី។
អ៊ីស្រាអែល មិនទាន់បានប្រកាសជាផ្លូវការនូវជំហររបស់ខ្លួននៅឡើយទេ បើទោះជាទាំងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានយល់ព្រមលើសំណើនេះ។
អ្នកនាំពាក្យសេតវិមាន លោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិក បានទទួលការឆ្លើយតបពីក្រុមហាម៉ាស់ ហើយកំពុងវាយតម្លៃវា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ៕
ប្រែសម្រួល ឈូក បូរ៉ា