ព័ត៌មានអន្តរជាតិ

សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីប្រទេសកូរ៉េខាងជើង គ្រាន់តែគូសបញ្ជាក់ពីការប្រេះឆា

Kyodo

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃពុធ ប៉ុន្តែវាបានបម្រើការ ដើម្បីបង្ហាញពីគម្លាតដ៏ធំជុំវិញបញ្ហារវាងសមាជិកដ៏មានឥទ្ធិពលរបស់ក្រុមប្រឹក្សានេះ។

សហរដ្ឋអាមេរិក រួមជាមួយជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន នៅអាស៊ីបូព៌ា បានស្នើសុំសម័យប្រជុំក្រុមប្រឹក្សា ដើម្បីជំរុញឱ្យទីក្រុងព្យុងយ៉ាង កែលម្អជីវភាពរស់នៅរបស់ប្រជាជន ជាជាងបន្តអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។

ប៉ុន្តែ​រុស្ស៊ី និង​ចិន ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ដែល​ប្រើ​សិទ្ធិវេតូ​ដែល​ផ្តល់​ការ​គាំទ្រ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ដល់​កូរ៉េ​ខាង​ជើង បាន​ជំទាស់​នឹង​ចំណាត់ការ​នេះ​នៅ​ដើម​ដំបូងនៃ​កិច្ចប្រជុំ។

បេសកជនកំពូលរបស់ទីក្រុងម៉ូស្គូប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានឲ្យដឹងថា “នេះគឺជាបញ្ហាដែលមិនស្ថិតក្នុងអាណត្តិនៃក្រុមប្រឹក្សានេះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតចិនលោក Li Song បានឲ្យដឹងថា “ការជំរុញឱ្យក្រុមប្រឹក្សាធ្វើអន្តរាគមន៍ក្នុងបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង នឹងមិនជួយបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េឡើយ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top