សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង “ក្នុងរយៈពេលពីរបីថ្ងៃ” ។
កាសែតរុស្ស៊ីមួយបានរាយការណ៍ថា លោកពូទីនគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម នៅប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលគេហទំព័រព័ត៌មានអនឡាញមួយ ដែលគ្របដណ្តប់លើប្រទេសកូរ៉េខាងជើងបានចុះផ្សាយកាលពីថ្ងៃពុធថា សញ្ញានៃទីក្រុងព្យុងយ៉ាង កំពុងរៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅដើមសប្តាហ៍នេះត្រូវបានបញ្ជាក់នៅ អាកាសយានដ្ឋានក្នុងប្រទេស។
យោងតាមសារព័ត៌មានយ៉ុនហាប់ មន្ត្រីកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង នឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅក្នុងការអត្ថាធិប្បាយ ដែលបានធ្វើឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថាន ក្នុងអំឡុងដំណើរទស្សនកិច្ចបច្ចុប្បន្នរបស់លោកប្រធានាធិបតី Yoon Suk Yeol។
របាយការណ៍ក៏បានដកស្រង់សម្តីមន្ត្រីរូបនេះ ដោយនិយាយថា កូរ៉េខាងត្បូង និងចិន គ្រោងនឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រទ្វេភាគី ស្តីពីការទូត និងសន្តិសុខ ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ ក្នុងពេលដំណាលគ្នានឹងដំណើរទស្សនកិច្ច របស់លោកពូទីន ទៅកាន់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon និងនាយករដ្ឋមន្ត្រីចិនលោក Li Qiang បានព្រមព្រៀងគ្នាកាលពីខែមុន ដើម្បីចាប់ផ្តើមកិច្ចចរចាទ្វេភាគីពីរបូកពីរ៕ ប្រែសម្រួល ឈូក បូរ៉ា