ព័ត៌មានអន្តរជាតិ

ជប៉ុន និងកូរ៉េ​ខាង​ជើង បើក​កិច្ច​ប្រជុំ​សម្ងាត់ ​នៅ​ពាក់​កណ្តាល​ ខែ​ឧសភា

តូក្យូ៖ កាសែតកូរ៉េខាងត្បូង មួយបានរាយការណ៍ថា ប្រទេសជប៉ុន និង កូរ៉េខាងជើង បានបើកកិច្ចប្រជុំសម្ងាត់មួយ នៅក្នុងប្រទេសម៉ុងហ្គោលី កាលពីពាក់ កណ្តាលខែឧសភា បើទោះបីជាទីក្រុងព្យុងយ៉ាង បានច្រានចោលកិច្ចពិភាក្សា ណាមួយក៏ដោយ ខណៈដែលទីក្រុងតូក្យូ នៅតែបន្តបន្តដោះស្រាយ បញ្ហាជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់ កាលពីទសវត្សរ៍មុន

ទីភ្នាក់ងារព័ត៌មាន JoongAng Ilbo បានរាយការណ៍ថា គណៈប្រតិភូជប៉ុន នៅក្នុងកិច្ចប្រជុំនៅជិតទីក្រុង Ulaanbaatar រួមមានអ្នកនយោបាយមួយរូប ខណៈដែលភាគីកូរ៉េខាងជើង មានមនុស្ស ៣នាក់ រួមទាំងបុគ្គលដែលទាក់ទង នឹងការិយាល័យទូទៅឈ្លបយកការណ៍ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងជើង។

នៅទីក្រុងតូក្យូ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានឲ្យដឹងថា លោកបានដឹងអំពីរបាយការណ៍នេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយសារតែ “លក្ខណៈនៃបញ្ហានេះ” ។

កាសែតនេះបានចុះផ្សាយថា កិច្ចប្រជុំនេះអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីស្វែងរក “របកគំហើញសេដ្ឋកិច្ច និងការទូត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កាសែតនេះក៏បានរាយការណ៍ផងដែរថា ប្រទេសជប៉ុន និង កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នាកាលពី សប្តាហ៍មុន នៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលី ខាងក្នុងរបស់ប្រទេសចិន ប៉ុន្តែបានដកស្រង់ប្រភព ដាច់ដោយឡែក មួយដោយថា “វាមិនច្បាស់ថាតើទំនាក់ទំនង ត្រូវបានធ្វើឡើងតាមការគ្រោងទុកឬយ៉ាងណា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top