ថ្ងៃទី១៣ខែមិថុនា សំដៅចំពោះករណី ដែលគណៈកម្មាធិការសហភាពអឺរ៉ុបប្រកាសថា ខ្លួនគ្រោងនឹងយកពន្ធគយ ប្រឆាំងនឹងឧបត្ថម្ភកធន ជាបណ្តោះអាសន្នខ្ពស់បំផុត រហូតដល់៣៨.១ភាគរយ លើរថយន្តដើរ ដោយថាមពលអគ្គិសនីដែលនាំចូលពីប្រទេសចិន សហគ្រាសផលិតរថយន្តអឺរ៉ុប ដែលមានក្រុមហ៊ុនVolkswagen Mercedes-Benz និងក្រុមហ៊ុនBMWរបស់ប្រទេសអាល្លឺម៉ង់ ជាដើមសុទ្ធតែបានសម្តែង មតិប្រឆាំងភ្លាមៗ ពួកគេយល់ឃើញថា ការដំឡើងពន្ធគយបន្ថែមទៀត នឹងរារាំងដល់ការអភិវឌ្ឍ របស់សហគ្រាស ផលិតរថយន្តអឺរ៉ុប ហើយក៏នឹងបំផ្លាញ ផលប្រយោជន៍ផ្ទាល់ខ្លួន របស់អឺរ៉ុបផងដែរ ។
ការប្រឆាំងរួមគ្នារបស់សហគ្រាសផលិត រថយន្តអឺរ៉ុបលើកនេះ គឺបានបង្ហាញយ៉ាងពេញលេញថា ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប នេះមិនមែនដើម្បីផលប្រយោជន៍ របស់ពួកគេទាល់តែសោះ ផ្ទុយទៅវិញ គឺកំពុងលេងឧបាយកលនយោបាយ ។ ទង្វើនេះបានរំលោភ លើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និង ក្បួនច្បាប់ពាណិជ្ជកម្មអន្តរជាតិ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសផលិត រថយន្ត និងសហគ្រាសខ្សែសង្វាក់ផ្គត់ផ្គង់ រថយន្តរបស់ចិននិងអឺរ៉ុប ដែលអាចនិយាយបានថា បំផ្លាញផលប្រយោជន៍ ទាំងអ្នកដទៃផងនិងខ្លួនឯងផង ។
ហេតុអ្វីបានជាភាគីអឺរ៉ុបមិនអើពើ នឹងសំឡេងប្រឆាំង ហើយទទូចគាបសង្កត់លើរថយន្តដើរ ដោយថាមពលអគ្គិសនី របស់ចិនតាមរយៈមានការដំឡើង ពន្ធគយ? នៅពីក្រោយនេះ មិនត្រឹមតែមានការប្រកួតប្រជែង ខាងផលប្រយោជន៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងអឺរ៉ុបតែប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនងជាមួយចិត្តគំនិត បីប្រភេទរបស់មនុស្សមួយ ចំនួននៅអឺរ៉ុបផងដែរ។
ទីមួយ ចិត្តគំនិតដែលចង់គាបសង្កត់លើការអភិវឌ្ឍរបស់ប្រទេសចិន។ នៅអឺរ៉ុប ការផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប គឺជាសំឡេងសំខាន់ៗ ប៉ុន្តែក៏មានកម្លាំង ប្រឆាំងប្រទេសចិនផងដែរ។ មនុស្សទាំងនេះ មិនចង់ឃើញការអភិវឌ្ឍរបស់ប្រទេសចិន ហើយរិះរកមធ្យោបាយដើម្បីរារាំងការ ធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការត្រួសត្រាយកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងចិននិងអឺរ៉ុប ។
ទីពីរ ចិត្តគំនិតដែលភ័យខ្លាចការប្រកួត ប្រជែងដោយយុត្តិធម៌ ។ អឺរ៉ុបមានឧត្តមភាពយ៉ាងច្បាស់លាស់ ក្នុងវិស័យរថយន្តដើរដោយប្រេងសាំង អស់រយៈពេលយូរ ប៉ុន្តែស្របពេលដែលឧស្សាហកម្មរថយន្តដើរ ដោយថាមពលថ្មីរបស់ប្រទេសចិន ទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស មនុស្សមួយចំនួននៅអឺរ៉ុបមានការភ័យខ្លាចថា ប្រទេសចិននឹងវ៉ាហួសខ្លួនឯង។
ទីបី ចិត្តគំនិតដែលធ្វើតាមអាមេរិក ។ អឺរ៉ុបធ្លាប់ជាអ្នករងគ្រោះពីទង្វើគាំពារនិយមផ្នែកពាណិជ្ជកម្មរបស់អាមេរិក ប៉ុន្តែលើកនេះវាបានក្លាយ ជាអ្នកបំផុសជម្លោះពាណិជ្ជកម្ម មូលហេតុសំខាន់នៅពីក្រោយ គឺសម្ពាធមកពីអាមេរិក។ ប៉ុន្តែភាគីអឺរ៉ុបត្រូវរក្សាចិត្តឱ្យស្ងប់ ហើយគីតថា តើវាគួរឬមិនគួរក្នុងការធ្វើតាមអាមេរិក ទៅគាបសង្កត់លើចិនដោយលះបង់ចោល កិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប?
ជាការពិត ចិននិងអឺរ៉ុបមានផលប្រយោជន៍ រួមយ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្មរថយន្តថាមពលថ្មី។ ការប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការ ដ៏វិជ្ជមាននៃរថយន្តដើរដោយថាមពលអគ្គិសនីរវាងចិននិងអឺរ៉ុប វាមានអំណោយផលដល់ការលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃឧស្សាហកម្មអ៊ឺរ៉ុប ហើយក៏សមស្របទៅនឹងចក្ខុវិស័យរបស់អឺរ៉ុប ក្នុងការស្វែងរកការធ្វើបរិវត្តកម្មថាមពលនិង ការអភិវឌ្ឍដោយកាត់បន្ថយកាបូនផងដែរ។
បទពិសោធន៍ប្រវត្តិសាស្ត្រ បានបញ្ជាក់ម្តងហើយម្តងទៀតថា ពន្ធគយមិនអាចនាំមកនូវកម្លាំងប្រកួតប្រជែងទេ ហើយក៏គ្មានអ្នកណាអាចឈ្នះ ក្នុងសង្គ្រាមពាណិជ្ជកម្ម នោះដែរ ។ ភាគីអឺរ៉ុប គួរតែស្តាប់ដោយយកចិត្តទុកដាក់ ចំពោះសំឡេងប្រកបដោយសត្យានុម័ត និងវិចារណញ្ញាណ របស់គ្រប់មជ្ឈដ្ឋាន ប្រញាប់កែតម្រូវទង្វើ ខុសឆ្គងភ្លាមៗ បញ្ឈប់ការធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិង ពាណិជ្ជកម្មក្លាយទៅជាបញ្ហានយោបាយ និងដោះស្រាយជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យបានសមស្រប តាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា ។ ប្រសិនបើភាគីអ៊ឺរ៉ុប ធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ភាគីចិន នឹងចាត់វិធានការចាំបាច់យ៉ាងមុតមាំ ដើម្បីការពារក្បួនច្បាប់ នៃអង្គការពាណិជ្ជកម្មពិភពលោក និងគោលការណ៍ទីផ្សារ ក៏ដូចជាគាំពារសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសចិន៕