ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប យល់ព្រមជាគោលការណ៍ លើក្របខ័ណ្ឌកិច្ចចរចា ចូលជាសមាជិក សម្រាប់អ៊ុយក្រែន និងម៉ុលដាវ៉ា

AFP

ព្រុចសែល ៖ ប្រធានបែលហ្ស៊ិក នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប បានប្រកាសនៅថ្ងៃសុក្រថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ព្រម “ជាគោលការណ៍” លើក្របខ័ណ្ឌចរចា សម្រាប់កិច្ចចរចាចូល ជាសមាជិក នៃប្រទេសអ៊ុយក្រែន និងម៉ុលដូវ៉ា។

ប្រធានក្រុមប្រឹក្សាបានបង្ហាញ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្លូវការរបស់ខ្លួននៅលើ X ថា សន្និសីទអន្តររដ្ឋាភិបាលដំបូង នឹងត្រូវកោះប្រជុំនៅថ្ងៃទី២៥ ខែមិថុនា នៅពេលដែលរដ្ឋមន្ត្រីកិច្ចការអឺរ៉ុប គ្រោងនឹងជួបនៅប្រទេសលុចសំបួ។

អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប បានឲ្យដឹងកាលពីមួយសប្តាហ៍មុនថា ប្រទេសទាំងពីរ បានជួបគ្រប់ជំហានចាំបាច់ សម្រាប់ការចរចាចូលជាសមាជិក ដើម្បីចាប់ផ្តើមជាផ្លូវការ។

ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ត្រូវតែយល់ព្រមជាឯកច្ឆ័ន្ទដើម្បីចាប់ផ្តើមការចរចា ដែលជាធម្មតាចំណាយពេលច្រើនឆ្នាំ ដើម្បីបញ្ចប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ម៉ុលដាវ៉ា បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបក្នុងខែមីនា ឆ្នាំ២០២២ ខណៈដែលអ៊ុយក្រែនបានដាក់ពាក្យនៅខែកុម្ភៈ ឆ្នាំដដែល។ ប្រទេសទាំងពីរត្រូវបានផ្តល់ ឋានៈជាបេក្ខជននៅក្នុងខែមិថុនា ឆ្នាំ២០២២ ហើយក្នុងខែធ្នូ ឆ្នាំមុន មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមបើកកិច្ចចរចា សមាជិកភាពជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top