ស្វីស៖ លោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយជាង ១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាផ្នែកមួយសម្រាប់វិស័យ ថាមពលរបស់អ៊ុយក្រែន និងស្ថានភាពមនុស្សធម៌ ដែលជាលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងរយៈពេល២៧ខែ មកលើប្រទេសអ៊ុយក្រែន ។
គួរបញ្ជាក់ថា ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈដែលលោកស្រី Harris បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅទីក្រុង Lucerne ប្រទេសស្វីស ជាកន្លែងដែលលោកស្រី ត្រូវជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូល ។
ការិយាល័យ អនុប្រធានាធិបតី បានឲ្យដឹងថា ទឹកប្រាក់ចំនួន១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក រួមមាន៥០០លានដុល្លារ សហរដ្ឋអាមេរិក នៅក្នុងមូលនិធិថ្មី សម្រាប់ជំនួយថាមពល និងការប្តូរទិសចំនួន ៣២៤លានដុល្លារនៅក្នុងមូលនិធិ ដែលបានប្រកាសពីមុនសម្រាប់ការជួសជុល ហេដ្ឋារចនាសម្ព័ន្ធថាមពល សង្គ្រោះបន្ទាន់ និងតម្រូវការផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ។
ការិយាល័យរបស់លោកស្រី Harris បានបញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជួយដល់អ៊ុយក្រែនឆ្លើយតប ទៅនឹងការវាយប្រហារ ចុងក្រោយបំផុត របស់រុស្ស៊ី មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដោយគាំទ្រ ទៅលើការជួសជុល និងការស្តារឡើងវិញ ធ្វើឲ្យប្រសើរឡើង នូវភាពធន់របស់អ៊ុយក្រែន ចំពោះការរំខានដល់ការផ្គត់ផ្គង់ថាមពល និងដាក់មូលដ្ឋានគ្រឹះក្នុងការជួសជុល និងពង្រីកប្រព័ន្ធថាមពលរបស់អ៊ុយក្រែន” ។
លោកស្រីអនុប្រធានាធិបតី ក៏បានប្រកាសផ្តល់ ជំនួយមនុស្សធម៌ជាង៣៧៩លានដុល្លារ សហរដ្ឋអាមេរិកពីក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយជនភៀសខ្លួន និងពលរដ្ឋផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារសង្រ្គាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា