តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ និងអារ៉ាប់រួម កាលពីថ្ងៃអាទិត្យ បានលើកឡើងពីភាពចាំបាច់នៃវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប និងធានាការបញ្ចូលជំនួយមនុស្សធម៌ ចូលទៅក្នុងរង្វង់នៃតំបន់ជម្លោះ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ដែលចាំផ្ទះលោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតលោក Sheikh Abdullah bin Zayed Al Nahyan បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅក្នុងតំបន់ហ្គាហ្សា និងបញ្ហា ដែលចាប់អារម្មណ៍រួម នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោក Bagheri Kani បានចង្អុលបង្ហាញ “ឧក្រិដ្ឋកម្មឃោរឃៅ” របស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់រដ្ឋមូស្លីម ដើម្បីប្រើឧបករណ៍ដែលមានទាំងអស់ ក្នុងការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និងផ្តល់ជំនួយគ្រប់គ្រាន់ដល់ប្រជាជនដែលមានភាពអត់ធន់។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអេមីរ៉ាត បានគូសបញ្ជាក់ពីភាពបន្ទាន់ក្នុងការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ពលរដ្ឋហ្គាហ្សា និងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែល ដោយបន្ថែមថា អេមីរ៉ាត កំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបញ្ចប់បញ្ហាទាំងនោះ។
កងទ័ពអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាស់ បានធ្វើការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកលើទីប្រជុំជនអ៊ីស្រាអែលដែលនៅជាប់នឹងច្រូតដោយបានសម្លាប់មនុស្សប្រហែល ១,២០០នាក់។
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងឡោមព័ទ្ធបានកើនឡើងលើសពី ៣៧,០០០ នាក់ហើយមនុស្សជាង ៨៥,០០០នាក់បានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា