ព័ត៌មានអន្តរជាតិ

លោក ពូទីនថា រុស្ស៊ី​គាំទ្រ​កូរ៉េខាង​ជើង​ ប្រឆាំង​នឹង​ការបង្កគ្រោះថ្នាក់ របស់លោកខាងលិច​

Sputnik

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ កូរ៉េខាងជើង សម្រាប់មិត្តភាព និងការគាំទ្រ ហើយបានសន្យាថា នឹងជួយទីក្រុងព្យុងយ៉ាង ក្នុងការតស៊ូដើម្បីឯករាជ្យ និងអត្តសញ្ញាណរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមុថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ពូទីន គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០០។ មុនពេលដំណើរ ប្រធានាធិបតីរុស្ស៊ីបានសរសេរ អត្ថបទមួយចេញផ្សាយដោយ កាសែតកូរ៉េខាងជើងប្រចាំថ្ងៃ Rodong Sinmun ។

លោកពូទីនបានសរសេរថា “រុស្ស៊ីបានគាំទ្រជាបន្តបន្ទាប់ ហើយនឹងគាំទ្រកូរ៉េខាងជើង និងប្រជាជនកូរ៉េដ៏វីរភាពក្នុងការតស៊ូ របស់ពួកគេប្រឆាំងនឹងសត្រូវក្បត់ជាតិ គ្រោះថ្នាក់ និងឈ្លានពាន ក្នុងការតស៊ូដើម្បីឯករាជ្យភាព អត្តសញ្ញាណ និងសិទ្ធិក្នុងការជ្រើសរើសផ្លូវ អភិវឌ្ឍន៍របស់ពួកគេដោយសេរី”។

មេដឹកនាំរុស្ស៊ីបានថ្លែងអំណរគុណ ដល់កូរ៉េខាងជើងសម្រាប់ “ការគាំទ្រឥតងាករេ” របស់ខ្លួនចំពោះប្រតិបត្តិការយោធានៅអ៊ុយក្រែន សាមគ្គីភាពអន្តរជាតិ និង “ឆន្ទៈការពារអាទិភាព និងទស្សនៈរួមរបស់យើង” នៅអង្គការសហប្រជាជាតិ។

លោកពូទីនក៏បានពណ៌នាទីក្រុងព្យុងយ៉ាងថាជា “អ្នកគាំទ្រដែលមានការប្តេជ្ញាចិត្ត និងគំនិតដូចគ្នារបស់យើង ត្រៀមខ្លួនដើម្បីប្រឈមមុខនឹង មហិច្ឆិតានៃសមូហភាពលោកខាងលិច ដើម្បីការពារការកើតឡើងនៃ សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយផ្អែកលើយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងការគិតគូរពីផលប្រយោជន៍ របស់គ្នាទៅវិញទៅមក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top