ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អះអាងអំពីផែនការចូលរួមជាសមាជិករបស់ប្លុក BRICS

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា ប្រទេសម៉ាឡេស៊ីបានសម្រេចចិត្តដាក់ពាក្យសុំចូលជាសមាជិក BRICS ហើយនឹងចាប់ផ្តើមដាក់ឯកសារជាផ្លូវការក្នុងពេលឆាប់ៗនេះ។

មេដឹកនាំអាយុ៧៧ឆ្នាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍រូបនេះបានលើកឡើងពីការសម្រេចចិត្តនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិន Guancha ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

លោក​បានថ្លែងបែបនេះថា៖យើង​បាន​ធ្វើ​គោល​នយោបាយ​របស់​យើង​ច្បាស់​លាស់ ហើយ​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្តរួចរាល់ហើយដែរ។ យើង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ម៉ាឡេស៊ីកំពុងរង់ចាំលទ្ធផលចុងក្រោយ និងមតិកែលម្អពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងជាមុនសិន។

លោក Anwar ក៏​បាន​លើក​ឡើង​អំពី​ការ​លើក​យក​ប្រធានបទ​នេះ​ឡើង​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ប្រេស៊ីល Luiz Inacio Lula da Silva កាល​ពី​ពេល​ថ្មីៗ​នេះ។

គួរឲ្យដឹងដែរថាប្លុកសេដ្ឋកិច្ចដ៏ធំនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូងចូលរួមនៅក្នុងឆ្នាំ២០១១។ ក្នុងខែមករា BRICS បានទទួលស្គាល់ជាផ្លូវការនូវប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម (UAE) ប៉ុន្តែបានសម្រេចចិត្តរក្សាឈ្មោះបច្ចុប្បន្ននៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top