ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន ក្លាយជាចុងចោទជាផ្លូវការ ក្នុងសំណុំរឿង ប្រមាថព្រះមហាក្សត្រ

AFP

បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរាយការណ៍ ទៅព្រះរាជអាជ្ញាសាធារណៈ នៅព្រឹកថ្ងៃអង្គារ ហើយត្រូវបាននាំទៅកាន់តុលាការព្រហ្មទណ្ឌ ដើម្បីចាត់ការលើសំណុំ រឿងប្រមាថព្រះមហាក្សត្រ នេះបើយោងតាមអ្នកនាំពាក្យ របស់ការិយាល័យអគ្គព្រះរាជអាជ្ញា។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Prayut Phetcharakhun បាននិយាយថា តុលាការបានទទួលយកសំណុំរឿងនេះនៅម៉ោង ៨: ៥៦នាទី ព្រឹកថ្ងៃអង្គារ ដោយធ្វើឱ្យលោកថាក់ស៊ីន ក្លាយជាចុងចោទជាផ្លូវការ ។

កាល​ពី​ចុង​ខែ​មុន ការិយាល័យអង្គព្រះរាជអាជ្ញា (OAG) បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត ​របស់​ខ្លួន​ក្នុង​ការ​ចោទ​ប្រកាន់​លោក ថាក់ស៊ីន ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ ដោះលែង​បណ្តោះអាសន្ន នៅ​ពេល​នោះ។ ការចោទប្រកាន់ដែលដំបូង កំណត់សម្រាប់កាលបរិច្ឆេទ មុនត្រូវបានពន្យារពេលទៅថ្ងៃអង្គារ (ថ្ងៃទី ១៨ ខែមិថុនា) ដោយសារតែថាក់ស៊ីន ត្រូវបានរាយការណ៍ថា បានឆ្លង Covid-19 ។

លោកថាក់ស៊ីនអាយុ ៧៤ ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទបរិហារកេរ្តិ៍រាជានិយម ក្នុងអំឡុងពេលបទសម្ភាសន៍ ជាមួយកាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីថ្ងៃទី ២១ ឧសភា ២០១៥ ។ នៅក្នុងបទសម្ភាសន៍នោះ លោក ថាក់ស៊ីន បានអះអាងថា ក្រុមប្រឹក្សាព្រះមហាក្សត្រ បានគាំទ្ររដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាល របស់ប្អូនស្រី របស់គាត់គឺលោកស្រី Yingluck Shinawatra ។

ពាក្យបណ្តឹងដើមអំពីបទសម្ភាសន៍នេះ ត្រូវបានប្តឹងកាលពីឆ្នាំ ២០១៥ ដោយឧត្តមសេនីយ Udomdej Sitabutr ដែលពេលនោះជាអនុរដ្ឋមន្ត្រីការពារជាតិ នៅក្នុងរដ្ឋាភិបាលយោធា របស់ឧត្តមសេនីយ៍ Prayut Chan-o-cha ។

ឧត្តមសេនីយ Udomdej ណែនាំឲ្យអគ្គនាយកដ្ឋាន នៃអគ្គព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ លើលោក ថាក់ស៊ីន ដឹកនាំ OAG ដាក់ពាក្យបណ្តឹង។ ក្រោយមក តុលាការព្រហ្មទណ្ឌ បានទទួលយកសំណុំរឿងនេះមកកាត់ទោសកាលពីឆ្នាំ ២០១៥ ហើយបានចេញដីកាចាប់ខ្លួនលោក ថាក់ស៊ីន ដែលស្នាក់នៅក្រៅប្រទេស ហើយមិនបានត្រឡប់ទៅប្រទេសថៃ វិញរហូតដល់ខែសីហាឆ្នាំមុន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top