ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្តេជ្ញា​រួមគ្នាជាមួយកូរ៉េខាងជើង ប្រឆាំង​នឹង​ទណ្ឌកម្ម​ លោកខាងលិច

AFP

ព្យុងយ៉ាង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយ ក្នុងប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង នៅមុនការមកដល់របស់លោក នៅល្ងាចថ្ងៃអង្គារថា ទីក្រុងមូស្គូ និង ក្រុងព្យុងយ៉ាង នឹងរួមគ្នាជៀសផុត ពីទណ្ឌកម្មអន្តរជាតិ ដោយការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

នៅក្នុងអត្ថបទ ដែលបានចុះផ្សាយនៅលើទំព័រមុខ Rodong Sinmun ដែលជាកាសែតផ្លូវការរបស់ប្រទេសកូរ៉េខាងជើង មេដឹកនាំរុស្ស៊ី បានឲ្យដឹងថា ប្រទេសទាំងពីរ នឹងអភិវឌ្ឍប្រព័ន្ធជំនួសនៃពាណិជ្ជកម្ម និងការតាំងទីលំនៅទៅវិញទៅមកដែល “មិនត្រូវបានគ្រប់គ្រងដោយលោកខាងលិច” និងរួមគ្នាប្រឆាំងនឹងវិធានការ “ឯកតោភាគី និងខុសច្បាប់”។

លោក ពូទីន គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ។ វានឹងក្លាយជាការធ្វើដំណើរលើកដំបូងរបស់លោក ទៅកាន់ប្រទេសនេះក្នុងរយៈពេល ២៤ ឆ្នាំ។

បណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើរុស្ស៊ី ជាការឆ្លើយតប ទៅនឹងការឈ្លានពានអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ខណៈពេលដែលប្រទេសកូរ៉េខាងជើង ស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

ភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃអង្គារនេះបានរាយការណ៍ថា លោក ពូទីន បានសម្តែងការពេញចិត្ត ចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់កូរ៉េខាងជើង ចំពោះសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយថាទីក្រុងព្យុងយ៉ាង បង្ហាញពី “សាមគ្គីភាពជាមួយយើងលើបញ្ហាអន្តរជាតិសំខាន់ៗ និងរក្សាជំហររួមនៅអង្គការសហប្រជាជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top