ព័ត៌មានអន្តរជាតិ

Update: លោក ថាក់ស៊ីន បង់ប្រាក់ធានានៅក្រៅឃុំ ៥០ម៉ឺនបាត ក្នុង​សំណុំរឿងប្រមាថព្រះមហាក្សត្រ

AFP

បរទេស៖ តុលាការព្រហ្មទណ្ឌបានដោះលែង អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យនៅក្រៅឃុំជាមួយ នឹងប្រាក់ធានាចំនួន ៥០០.០០០ បាត បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយ ដែលបានធ្វើឡើងក្នុង បទសម្ភាសន៍កាលពីឆ្នាំ ២០១៥ ។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរាយការណ៍ទៅព្រះរាជអាជ្ញាសាធារណៈនៅព្រឹកថ្ងៃអង្គារ ហើយត្រូវបាននាំទៅកាន់តុលាការព្រហ្មទណ្ឌ ដើម្បីចាត់ការលើសំណុំរឿង ប្រមាថព្រះមហាក្សត្រ នេះបើយោងតាមអ្នកនាំពាក្យ របស់ការិយាល័យអគ្គព្រះរាជអាជ្ញា។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Prayut Phetcharakhun បាននិយាយថា តុលាការបានទទួលយកសំណុំរឿងនេះនៅម៉ោង ៨: ៥៦នាទី ព្រឹកថ្ងៃអង្គារ ដោយធ្វើឱ្យលោកថាក់ស៊ីន ក្លាយជាចុងចោទជាផ្លូវការ ។

កាល​ពី​ចុង​ខែ​មុន ការិយាល័យអង្គព្រះរាជអាជ្ញា (OAG) បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ចោទ​ប្រកាន់​លោក ថាក់ស៊ីន ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ដោះលែង​ បណ្តោះអាសន្ននៅ​ពេល​នោះ។ ការចោទប្រកាន់ដែលដំបូង កំណត់សម្រាប់ កាលបរិច្ឆេទមុនត្រូវបានពន្យារពេលទៅថ្ងៃអង្គារ (ថ្ងៃទី ១៨ ខែមិថុនា) ដោយសារតែថាក់ស៊ីនត្រូវបានរាយការណ៍ថា បានឆ្លង Covid-19 ។

លោកថាក់ស៊ីនអាយុ ៧៤ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបរិហារ កេរ្តិ៍រាជានិយមក្នុងអំឡុង ពេលបទសម្ភាសន៍ ជាមួយកាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីថ្ងៃទី ២១ ឧសភា ២០១៥។ នៅក្នុងបទសម្ភាសន៍នោះ លោក ថាក់ស៊ីន បានអះអាងថា ក្រុមប្រឹក្សាព្រះមហាក្សត្រ បានគាំទ្ររដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាល របស់ប្អូនស្រីរបស់គាត់គឺលោកស្រី Yingluck Shinawatra ។

ពាក្យបណ្តឹងដើមអំពីបទសម្ភាសន៍នេះ ត្រូវបានប្តឹងកាលពីឆ្នាំ ២០១៥ ដោយឧត្តមសេនីយ Udomdej Sitabutr ដែលពេលនោះជាអនុរដ្ឋមន្ត្រីការពារជាតិ នៅក្នុងរដ្ឋាភិបាលយោធា របស់ឧត្តមសេនីយ៍ Prayut Chan-o-cha ។

ឧត្តមសេនីយ Udomdej ណែនាំឲ្យអគ្គនាយកដ្ឋាន នៃអគ្គព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ លើលោក ថាក់ស៊ីន ដឹកនាំ OAG ដាក់ពាក្យបណ្តឹង ។ ក្រោយមក តុលាការព្រហ្មទណ្ឌ បានទទួលយកសំណុំរឿងនេះ មកកាត់ទោសកាលពីឆ្នាំ ២០១៥ ហើយបានចេញដីកា ចាប់ខ្លួនលោកថាក់ស៊ីន ដែលស្នាក់នៅក្រៅប្រទេស ហើយមិនបានត្រឡប់ ទៅប្រទេសថៃ វិញរហូតដល់ខែសីហាឆ្នាំមុន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top