ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសសេចក្តីថ្លែងការណ៍ E3 ស្តីពីកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន

AFP

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោស សេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះ របស់ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ (E3) ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះថា “មិនសមហេតុផល និងមិនត្រឹមត្រូវ” ។

ការកត់សម្គាល់របស់គាត់គឺឆ្លើយតប ទៅនឹងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រុម E3 កាលពីថ្ងៃសៅរ៍ដែលបាន “ថ្កោលទោសជំហានចុងក្រោយរបស់អ៊ីរ៉ង់ ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីពង្រីកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ។

លោក Kanaani បានច្រានចោលការអះអាង របស់ E3 ថាជា “មិនពិត” ហើយបានរំលឹកឡើងវិញថា កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ មាន ធម្មជាតិសន្តិភាព ពេញលេញ ហើយអាវុធនុយក្លេអ៊ែរ មិនមានកន្លែងនៅ ក្នុងគោលលទ្ធិយោធា និងការពាររបស់ប្រទេសទេ”។

លោកបានកត់សម្គាល់ថា វាគឺជា “ការហួសចិត្តដ៏ជូរចត់មួយ” ដែលប្រទេសទាំងនោះ ដែលបានប្រកាន់យកនូវវិធីសាស្រ្ត “នយោបាយ និងគ្មានការស្ថាបនា” ហើយស្ថិត ក្នុងចំណោមភាគីសំខាន់ៗដែលទទួលខុសត្រូវ ចំពោះស្ថានភាពបច្ចុប្បន្ន ទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក បានចោទប្រកាន់អ៊ីរ៉ង់ ដោយបិទបាំង កិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ជាផ្លូវការ ថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

លោក Kanaani បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត របស់អ៊ីរ៉ង់ក្នុងការបន្តអន្តរកម្ម “ស្ថាបនា” និងកិច្ចសហប្រតិបត្តិការ បច្ចេកទេស ជាមួយ IAEA ដោយបន្ថែមថាប្រទេសនេះនឹងបន្ត “សកម្មភាពនុយក្លេអ៊ែរប្រកប ដោយសន្តិភាព” ស្របតាមផែនការជាតិរបស់ប្រទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម នុយក្លេអ៊ែររបស់ខ្លួន និងក្នុងក្របខណ្ឌអន្តរជាតិ របស់ខ្លួនផ្អែកលើ សិទ្ធិ និងកាតព្វកិច្ច៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top