ព័ត៌មានអន្តរជាតិ

ក្រុមហេសបូឡាថា គ្មានកន្លែងណាមាន សុវត្ថិភាពឡើយ ប្រសិនបើអ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាម

RT News

បរទេស ៖ ប្រមុខកងជីវពល Shia លោក Hassan Nasrallah បាននិយាយថា ក្រុម ហេសបូឡា បានត្រៀមខ្លួន សម្រាប់ជម្លោះទ្រង់ទ្រាយធំ ជាមួយអ៊ីស្រាអែល ។ លោក ក៏បានព្រមានប្រទេសស៊ីបថា ប្រទេសនេះអាចត្រូវបានគេកំណត់គោលដៅ ប្រសិនបើធ្វើជាម្ចាស់ផ្ទះ ទទួលកងកម្លាំងអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Nasrallah បានថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ បន្ទាប់ពីពិធីបុណ្យរំលឹកដល់លោក Hajj Sami Taleb Abdullah ដែលជាមេបញ្ជាការជាន់ខ្ពស់ របស់ក្រុមហេសបូឡា ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល លើភាគខាងត្បូង ប្រទេសលីបង់ កាលពីដើមសប្តាហ៍នេះ ។

លោកបាននិយាយថា “សត្រូវដឹងថា វាត្រូវតែរំពឹងយើងនៅលើដី លើអាកាស និងនៅសមុទ្រ ហើយប្រសិនបើមានសង្រ្គាម នោះការតស៊ូនឹងប្រយុទ្ធ ដោយគ្មានដែនកំណត់ ច្បាប់ ឬដែនកំណត់”។ លោកបន្ថែមថា “នឹងគ្មានកន្លែងមានសុវត្ថិភាពនោះទេពីកាំជ្រួច និងយន្តហោះគ្មានមនុស្សបើករបស់យើង”។

Nasrallah បាននិយាយថា ការប្រឈមមុខគ្នា នាពេលបច្ចុប្បន្នគឺជា “សមរភូមិដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៤៨” ដែលជាឆ្នាំដែលអ៊ីស្រាអែល បានប្រកាសឯករាជ្យ ហើយ “នឹងផ្លាស់ប្តូរមុខមាត់ នៃតំបន់ និងកំណត់អនាគតរបស់ខ្លួន” ។

Nasrallah បានអះអាងថា ក្រុម ហេសបូឡា កំពុងវាយលុកទីតាំងអ៊ីស្រាអែល “នៅក្នុងកាលវិភាគជាក់លាក់ និងពិតជាក់ស្តែង ដោយកត់សម្គាល់ថា ក្រុមនេះមាន “ព័ត៌មានច្រើនណាស់” អំពីបន្ទាយ លេខ និង ការដាក់ពង្រាយរបស់អ៊ីស្រាអែល ដោយសំដៅលើការចេញ ផ្សាយរូបភាពយន្តហោះ គ្មានមនុស្សបើកនៅកំពង់ផែ Haifa កាលពីថ្ងៃអង្គារ ។

យោងតាមលោក Nasrallah ក្រុម ហេសបូឡា មានសព្វាវុធទាំងអស់ដែលខ្លួនត្រូវការ ដើម្បីវាយប្រហារលើគោលដៅ នានាក្នុងប្រទេសអ៊ីស្រាអែល រួមទាំងអាវុធដែលមិន បានបង្ហាញពីមុន ដែលមិនទាន់ត្រូវបានប្រើប្រាស់ នៅលើសមរភូមិ ។ ក្រុមនេះក៏ត្រូវបានផ្គត់ផ្គង់ យ៉ាងល្អជាមួយនឹង យន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top