បរទេស៖ ប៉ូឡូញគួរតែដកខ្លួនចេញពី បម្រាមលើមីនប្រឆាំងមនុស្ស ហើយដាក់ពង្រាយគ្រាប់មីន នៅតាមព្រំដែនជាមួយតំបន់ Kaliningrad របស់ប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់ អតីតរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ គឺលោក Mariusz Blaszczak ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Blaszczak បច្ចុប្បន្នជាសមាជិកសភាជាមួយគណបក្សច្បាប់ និងយុត្តិធម៌ (PiS)។ លោកគឺជារដ្ឋមន្ត្រីការពារជាតិពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ នៅពេលដែល PiS បានបាត់បង់អំណាចទៅឱ្យក្រុមចម្រុះ Civic Platform របស់នាយករដ្ឋមន្ត្រី Donald Tusk ។
លោក Blaszczak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន PiS កាលពីថ្ងៃពុធ ដោយសំដៅលើសន្ធិសញ្ញាហាមឃាត់ ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សថា “ជាផ្នែកមួយនៃកម្មវិធីដើម្បីពង្រឹង ព្រំដែនភាគខាងកើត អាជ្ញាធរត្រូវតែដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា” ។
លោក Blaszczak បានអះអាងថា ទីក្រុង វ៉ារស្សាវ៉ា គួរតែដាក់មីននៅតាមបណ្តោយព្រំដែន របស់ខ្លួនជាមួយតំបន់ Kaliningrad ដែលជាទឹកដីរុស្ស៊ីរវាងប៉ូឡូញ និងលីទុយអានី។
កាលពីខែមុន លោក Tusk បានប្រឆាំងជាសាធារណៈចំពោះការ ដាក់មីនតាមព្រំដែនជាមួយប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលជាវិធានការមួយដែល ស្នើឡើងដំបូងដោយរដ្ឋាភិបាល PiS។ យោងតាមលោក Tusk គឺថា ទីក្រុង វ៉ារស្សាវ៉ាក៏មិនមានបំណង ចាកចេញពីអនុសញ្ញាអូតាវ៉ាដែរ ៕
ប្រែសម្រួលៈ ណៃ តុលា