ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅប្រទេសអូស្ត្រាលី ។ ភាគីទាំងពីរ បានចេញផ្សាយ 《សេចក្តីថ្លែងការណ៍ស្តីពីសមិទ្ធផលរួមនៃកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំ រវាងនាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលី》 ដែលបានឈានដល់កិច្ចសហប្រតិបតិ្តការមួយចំនួន ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជនជាដើម ។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ គឺជា"ជំហានដ៏សំខាន់ណាស់មួយ" សម្រាប់លំនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ១០ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសអូស្ត្រាលី និងជាការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអូស្ត្រាលី ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី មានបម្រែបម្រួលយ៉ាងខ្លាំង ។ មូលហេតុសំខាន់ គឺ ដោយសារក្នុងអំឡុងពេល រដ្ឋាភិបាលពីរអាណតិ្តមុន កាន់អំណាច អូស្ត្រាលីបានធ្វើតាមសហរដ្ឋអាមេរិក ដែលបានលាបពណ៌ប្រទេសចិន លើបញ្ហាដូចជា ការកសាងបណ្តាញសេវា 5G ភូមិភាគស៊ីនជាំងនិងសមុទ្រចិនខាងត្បូង ជាដើម ដែលបណ្តាលឱ្យទំនាក់ទំនងទ្វេភាគី ធ្លាក់ក្នុងភាពជាប់គាំង ។ បន្ទាប់ពីរដ្ឋាភិបាលគណបក្សការងារអូស្ត្រាលី កាន់អំណាចកាលពីខែឧសភា ឆ្នាំ២០២២ បានកែតម្រូវគោលនយោបាយ ចំពោះប្រទេសចិនជាថ្មីឡើងវិញ ហើយទំនាក់ទំនងរវាងចិននិងអូស្ត្រាលីបានចាប់ផ្តើមប្រែមកជាល្អវិញ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងខែវិច្ឆិកា ឆ្នាំ ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Anthony Albanese នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី និងទីក្រុងប៉េកាំង ដោយឡែកពីគ្នាដោយបានឈានដល់គំនិតឯកភាព រួមដ៏សំខាន់ស្តីពីការលំនឹងនិងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរ បស់នាយករដ្ឋមន្ត្រីចិននៅប្រទេសអូស្ត្រាលី លើកនេះបានបន្តនិន្នាការល្អប្រសើរប្រកបដោយ ស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ។
តើទំនាក់ទំនងរវាងចិននិងអូស្ត្រាលី អាចរក្សានិងអភិវឌ្ឍ ឱ្យបានល្អនូវនិន្នាការវិជ្ជមាន ដែលបានមកដោយមិនងាយទេតាមរបៀបណា ? បទពិសោធនិងការបំផុសគំនិតដ៏សំខាន់បំផុត គឺ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពគ្នាទៅវិញទៅមក ស្វែងរកគំនិតឯកភាពរួមនិងរក្សាទុក ការខ្វែងគំនិតមួយអន្លើ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក ។
គន្លឹះនៃទំនាក់ទំនង រវាងប្រទេសនិងប្រទេស គឺស្ថិតនៅលើការគោរពសភាពការណ៍ជាតិនិងផលប្រយោជន៍ជាស្នូលរៀងៗខ្លួន ។ ក្នុងកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំ រវាងនាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលីលើកនេះ ភាគីអូស្ត្រាលីបានថ្លែងថា នឹងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ មិនគាំទ្រ"តៃវ៉ាន់ឯករាជ្យ" មិនឱ្យការខ្វែងគំនិតកំណត់នូវនិយមន័យ នៃទំនាក់ទំនងទ្វេភាគីដើម្បីជំរុញទំនាក់ទំនង រវាងចិននិងអូស្ត្រាលី ទទួលបានការកែលម្អនិងអភិវឌ្ឍជាបន្តបន្ទាប់ ។ ប្រសិនបើការបង្ហាញឥរិយាបថ ទាំងនេះត្រូវបានអនុវត្តយ៉ាងពិតប្រាកដ នោះ វានឹងពង្រឹងមូលដ្ឋានគ្រឹះ នៃការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសចិននិងអូស្ត្រាលី ដោយឥតឈប់ឈរ ។
ឧត្តមភាពផ្នែកសេដ្ឋកិច្ចចិននិងអូស្ត្រាលី មានការបំពេញបន្ថែមគ្នាទៅវិញទៅមក ពោលគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់ ។ ប្រទេសចិនរក្សាឋានៈជាដៃគូពាណិជ្ជកម្ម ទីផ្សារនាំចេញនិងជាប្រភពនាំចូលធំទីមួយ នៃប្រទេសអូស្ត្រាលី ក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្ម រវាងចិននិងអូស្ត្រាលី បានឡើងដល់ ២២៩,២ ពាន់លានដុល្លារអាមេរិក ដែលមានចំនួនអតិរេកជិត ៨០ ភាគរយក្នុងពាណិជ្ជកម្មរបស់ខ្លួន បានមកពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ។
លើកនេះ ភាគីទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញថែមមួយកម្រិតទៀត នូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងអូស្ត្រាលី ដែលបានក្លាយជាចំណុចលេចធ្លោមួយ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។ ក្នុងបរិបទបច្ចុប្បន្ន ដែលការគាំពារនិយមខាងពាណិជ្ជកម្មសកល បានងើបឡើងវិញ ការដែលប្រទេសចិននិងអូស្ត្រាលី ចុះហត្ថលេខាលើអនុស្សរណៈ លើកនេះ បានចាត់ទុក"ការជំរុញ"និង"ការអនុវត្ត"ជាពាក្យគន្លឹះ វាមិនត្រឹមតែមានអំណោយផល ដល់ភាគីទាំងពីរ ក្នុងការអនុវត្តយ៉ាងប្រាកដ ប្រជានួវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ថែមទៀតប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីការបេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញ កិច្ចកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយផងដែរ ។ លើសពីនេះទៅទៀត ប្រទេសចិនបានថ្លែងបន្តថា រីករាយត្រួសត្រាយយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យរថយន្តថាមពលថ្មី និងការផលិតថាមពលអគ្គិសនី ដើរដោយថាមពលអាចកកើតឡើងវិញ ជាដើមដែលនឹងបំពេញបន្ថែម កម្លាំងចលករថ្មី ដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។
ប្រទេសចិននិងអូស្ត្រាលី សុទ្ធតែជាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលគ្មានគំនុំប្រវត្តិសាស្ត្រ និងការប៉ះទង្គិចខាងផលប្រយោជន៍ ជាមូលដ្ឋាន ផ្ទុយទៅវិញ ប្រទេសទាំងពីរ មានគំនិតឯកភាពរួមយ៉ាងទូលំទូលាយ គួរធ្វើកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ បន្ទាប់ពីឆ្លងកាត់ឧបសគ្គផ្ទួនៗ ប្រទេសចិននិងអូស្ត្រាលី បានដើរតាមមាគ៌ាដ៏ត្រឹមត្រូវ នៃការកែលម្អនិងអភិវឌ្ឍទំនាក់ទំនង ដែលមិនត្រឹមតែសមស្របនឹង ផលប្រយោជន៍រួម របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវការនៃការគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ៕