មហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី ២៦ ដែលផ្តួចផ្តើមរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិន និងសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនក្រុងសៀងហៃ បានប្រារព្ធធ្វើនៅថ្ងៃទី ១៤ខែមិថុនា ដែលមានរយៈពេល១០ថ្ងៃ។
មហោស្រពភាពយន្តអន្តរជាតិសៀងហៃឆ្នាំនេះធ្វើក្រោមប្រធានបទ “ទីក្រុងនៃភាពយន្ត” ដែលមានវណ្ណកម្មភាពយន្តចំនួនជាង ៣៧00រឿងនៃប្រទេសនិងតំបន់ចំនួន ១០៥ បានចុះឈ្មោះចូលរួមការប្រកួតប្រជែងនេះ។ បន្ទាប់ពីការជ្រើសរើស មានវណ្ណកម្មភាពយន្តចំនួន៥០រឿងនៃប្រទេសនិងតំបន់ចំនួន២៩ចូលរួមប្រកួតយកជ័យលាភី ក្នុងនោះ មានភាពយន្តចំនួន ៣៨ រឿងបានចាក់បញ្ចាំងជាលើកដំបូងលើពិភពលោក ។
ទីក្រុងសៀងហៃ ដែលជាគុជបូព៌ានៃប្រទេសចិន បានក្លាយជាវេទិការួមបញ្ចូលគ្នានូវក្តីសុបិន និងការពិតក្នុងរយៈពេលជិតមួយសតវត្សកន្លងមក។ ទីនេះ មានរឿងរ៉ាវជាច្រើន និងជា ទីកន្លែងសម្រាប់ផលិតខ្សែភាពយន្ត ដែលទទួលស្គាល់ថាជា “ទីក្រុងភាពយន្ត” មានភាពទាក់ទាញដ៏ពិសេស។
១៖ប្រវត្តិសាស្រ្តបានធ្វើឱ្យទីក្រុងសៀងហៃក្លាយជាកន្លែងប្រភពនៃឧស្សាហកម្មភាពយន្តចិន។ នៅដើមទសវត្សរ៍ឆ្នាំ១៩២០ ទីក្រុងសៀងហៃបានក្លាយជាមជ្ឈមណ្ឌលនៃខ្សែភាពយន្តចិន ហើយវប្បធម៌ភាពយន្តបានក្លាយជាមរតកខាងស្មារតីដែលមិនអាចខ្វះបាននៃទីក្រុងមួយនេះ។
២៖រលកនៃការច្នៃប្រឌិតថ្មីបានប្រមូលផ្ដុំនៅទីនេះ។ ចូលដល់សតវត្សថ្មី ខ្សែសង្វាក់ឧស្សាហកម្មភាពយន្តរបស់ទីក្រុងសៀងហៃបានឆ្លងកាត់ការផ្លាស់ប្តូរ និងការអភិវឌ្ឍ បង្កើតបានជាខ្សែសង្វាក់អេកូឡូស៊ីឧស្សាហកម្មពេញលេញ ដែលរួមបញ្ចូលការផលិត ការចែកចាយ ការបញ្ចាំង និងការអភិវឌ្ឍជាដើម ។ នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីកម្លាំងរឹងមាំ និងកម្លាំងរស់រវើកនៃឧស្សាហកម្មភាពយន្តរបស់ទីក្រុងសៀងហៃប៉ុណ្ណោះទេ ក៏ថែមទាំងបង្ហាញពីទិសដៅអភិវឌ្ឍនាពេលអនាគតនៃឧស្សាហកម្មភាពយន្តរបស់ប្រទេសចិនផងដែរ។
៣៖ការគាំទ្រពីគោលនយោបាយបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងទីក្រុងភាពយន្ត។ ទីក្រុងសៀងហៃបាននាំមុខគេក្នុងការរៀបចំនិងកំណត់គោលនយោបាយពាក់ព័ន្ធ ដូចជាការផ្តល់មូលនិធិ និងការគាំទ្រសម្រាប់ឧស្សាហកម្មភាពយន្ត និងការផ្តល់សេវាសម្រាប់ការថតភាពយន្តជាដើមក្នុងប្រទេសចិន។
៤៖ភាពបរិយាបន្នផ្នែកវប្បធម៌ធ្វើឱ្យទីក្រុងសៀងហៃមានលក្ខណៈតំបន់និងអន្តរជាតិ ដែលនាំមកនូវកម្លាំងថាមពលខុសគ្នាដល់ការបង្កើតខ្សែភាពយន្តនិងទូរទស្សន៍។ ទីផ្សារភាពយន្តរបស់ទីក្រុងសៀងហៃបានរក្សាទិន្នន័យទីផ្សារដូចជា បរិមាណលក់សំបុត្រ ចំនួនចាក់បញ្ចាំង ចំនួនអ្នកទស្សនាភាពយន្ត ចំនួនរោងកុន ចំនួនអេក្រង់ និងចំនួនកៅអីជាដើមនៅលំដាប់ទីមួយក្នុងចំណោមទីក្រុងទាំងអស់ក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ។
៥៖ភាពរាក់ទាក់របស់ទស្សនិកជនគឺជាកម្លាំងចលករខ្លាំងដែលមិនអាចខ្វះបាននៃទីក្រុង សៀងហៃដែលជាទីក្រុងភាពយន្ត។ ទីក្រុងសៀងហៃមានបរិយាកាសភាពយន្តយ៉ាងជ្រាលជ្រៅ ទីផ្សារអ្នកប្រើប្រាស់សកម្ម និងទស្សនិកជនគាំទ្រភាពយន្តដែលមានចំណេះដឹងផ្នែកវប្បធម៌ខ្ពស់ និងស្តង់ដារសោភ័ណភាព។
ដូច្នេះហើយ ទីក្រុងសៀងហៃ មិនមែនគ្រាន់តែជាទីក្រុងប៉ុណ្ណោះទេ វាក៏ជាភាពយន្តដែលមានជីវិតមួយ ដែលគ្រប់ទីកន្លែងក៏ពោរពេញដោយសាច់រឿង ហើយគ្រប់ពេលក៏ដើរតួជារឿងផ្សេងៗគ្នា។ នៅទីនេះ មនុស្សគ្រប់រូបអាចរកឃើញនូវពិភពនៃពន្លឺ និងស្រមោលរបស់ខ្លួនឯង ហើយរាល់ក្ដីសុបិនអាចនឹងក្លាយជាការពិត។ នេះគឺទីក្រុងសៀងហៃ ហើយនេះជាភាពទាក់ទាញនៃ “ទីក្រុងភាពយន្ត”៕(ដោយវិទ្យុមិត្តភាពកម្ពុជា-ចិន)