បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយនឹងសត្វសុនខ (ឆ្កែ) កូរ៉េដ៏កម្រមួយគូ កាលពីថ្ងៃពុធ។ ប្រមុខរដ្ឋទាំងពីរបានផ្លាស់ប្តូរអំណោយផ្សេងៗគ្នាក្នុងអំឡុងកិច្ចចរចានៅក្រុងព្យុងយ៉ាង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំនេះគឺជាលើកទីមួយហើយដែលប្រធានាធិបតីរុស្ស៊ីបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០០០។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋចុងក្រោយបំផុតបង្ហាញពីការចរចាលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងភូមិសាស្ត្រនយោបាយ ដែលឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា “លោក គីម ជុងអ៊ុន បានប្រគល់សុនខ Phungsan ដែលជាឆ្កែពូជរបស់កូរ៉េខាងជើងមួយគូ ដល់លោកពូទីន ជាអំណោយនៅក្នុងសួនច្បារនៃផ្ទះសំណាក់រដ្ឋ Kumsusan” ។
ពូជ Phungsan គឺឆ្លងទៅតំបន់ភ្នំនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ។ ពួកវាមកពីសត្វចចក ហើយមានអាវពណ៌សក្រាស់ និងមានសមត្ថភាពចាប់សត្វធំៗ ហើយត្រូវបានប្រើប្រាស់ជាឆ្កែបរបាញ់នៅប្រទេសកូរ៉េ។
កាលពីថ្ងៃពុធ ជំនួយការគោលនយោបាយការបរទេសរបស់ប្រធានាធិបតីរុស្សី លោក Ushakov បានបង្ហាញថា គណៈប្រតិភូរបស់ទីក្រុងមូស្គូ បានបង្ហាញរថយន្ត “Aurus” ម៉ាករបស់រុស្ស៊ីដែលជាកាដូរដល់លោក គីម ជុងអ៊ុន វិញផងដែរ ។
រថយន្តគ្រួសារផលិតនៅរុស្ស៊ី មានលក្ខណៈពិសេសជារថយន្ត limousine សម្រាប់មន្ត្រីថ្នាក់កំពូល។ លោក ពូទីន និងលោក គីម បានជិះជាមួយគ្នានៅពេលលោកប្រធានាធិបតីរុស្ស៊ីមកដល់អាកាសយានដ្ឋានក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃពុធ៕ ប្រែសម្រួលៈ ណៃ តុលា