បរទេស៖ អាជ្ញាធរឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌាបានកត់ត្រាករណីសង្ស័យថាជាជំងឺគ្រុនក្តៅខ្លាំងជាង ៤០.០០០ ករណីនៅក្នុងរដូវក្តៅនេះ ខណៈដែលរលកកំដៅដ៏អូសបន្លាយបានសម្លាប់មនុស្សជាង ១០០ នាក់នៅទូទាំងប្រទេសឥណ្ឌា ក្នុងពេលដែលផ្នែកខ្លះនៃភាគឦសានបានរងនូវទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មនុស្សរាប់ពាន់លាននាក់នៅទូទាំងអាស៊ីកំពុងប្រឈមមុខនឹងកំដៅខ្លាំងនៅរដូវក្តៅនេះ នៅក្នុងនិន្នាការអ្នកវិទ្យាសាស្ត្រនិយាយថា កាន់តែអាក្រក់ទៅៗដោយការប្រែប្រួលអាកាសធាតុដែលជំរុញដោយមនុស្ស ដោយសីតុណ្ហភាពនៅភាគខាងជើងនៃប្រទេសឥណ្ឌាកើនឡើងដល់ជិត ៥០ អង្សាសេ នៅក្នុងរលកកំដៅដ៏វែងបំផុតមួយដែលបានកត់ត្រាទុក។
បក្សីបានធ្លាក់ពីលើមេឃដោយសារតែកំដៅខ្លាំង ហើយមន្ទីរពេទ្យបានរាយការណ៍ពីលំហូរនៃអ្នកជំងឺដែលរងផលប៉ះពាល់ដោយកំដៅ ខណៈដែលសីតុណ្ហភាពទាំងពេលថ្ងៃ និងពេលយប់ បានឡើងដល់កំពូលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះចាប់តាំងពីការចាប់ផ្តើមរដូវក្តៅក្នុងខែមីនា។
ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាឱ្យស្ថាប័នសហព័ន្ធ និងរដ្ឋធានា “ការយកចិត្តទុកដាក់ជាបន្ទាន់” ដល់អ្នកជំងឺ ខណៈដែលមន្ទីរពេទ្យក្នុងរដ្ឋធានី Delhi ដែលកំពុងតែប្រឈមមុខនឹងការខ្វះខាតទឹកផងដែរ ត្រូវបានណែនាំធ្វើឱ្យមានគ្រែបន្ថែមទៀត។
មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា មានករណីសង្ស័យថាមានជំងឺគ្រុនក្តៅជាង ៤០.០០០នាក់ ហើយយ៉ាងហោចណាស់ ១១០នាក់បានបញ្ជាក់ពីការស្លាប់នៅចន្លោះថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ១៨ ខែមិថុនា ៕ ប្រែសម្រួលៈ ណៃ តុលា