ព័ត៌មានអន្តរជាតិ

កិច្ចសម្ភាសន៍ជាន់ខ្ពស់៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោក Alckmin អនុប្រធានាធិបតីប្រេស៊ីល

ថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា លោក Alckmin អនុប្រធានាធិបតីប្រេស៊ីលបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ លោក Alckmin បាននិយាយថា ឆ្នាំនេះ គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រេស៊ីល។ លោកAlckmin បាននិយាយបន្តថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ប្រទេសប្រេស៊ីល និងប្រទេសចិនបានរួមគ្នាការពារពហុភាគីនិយម បំពេញបន្ថែមផ្នែកសេដ្ឋកិច្ច បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់។

ឆ្នាំនេះក៏ជាខួប២០ឆ្នាំនៃការបង្កើតគណៈកម្មាធិការសម្របសម្រួលនិងសហប្រតិបត្តិការជាន់ខ្ពស់រវាងចិននិងប្រេស៊ីល ទំហំពាណិជ្ជកម្មរវាងប្រេស៊ីល និងចិនបានកើនឡើង ១៧ ដង។ នេះមានន័យថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរកាន់តែជិតស្និត ហើយបន្តរួមចំណែកដល់វិស័យការងារ ប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចរបស់ប្រជាជនក្នុងប្រទេសខ្លួន។

លោក Alckmin បានថ្លែងថា សមិទ្ធិផលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាបឋមបានឆ្លុះបញ្ចាំងចេញមក នៅពេលភាគីទាំងពីររួមគ្នាការពារពហុភាគីនិយម និងពាណិជ្ជកម្មសេរីនៅក្នុងភូមិសាស្ត្រនយោបាយពិភពលោក។ ការងាររបស់គគណៈកម្មាធិការសម្របសម្រួលនិងសហប្រតិបត្តិការជាន់ខ្ពស់រវាងចិននិងប្រេស៊ីលគឺពង្រីកឱកាសពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគគ្នាទៅវិញទៅមក ដែលនេះបានបង្កើនការបំពេញបន្ថែមខាងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏នឹងជំរុញកិច្ចសហប្រតិបត្តិការថ្មីលើវិស័យដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងទេសចរណ៍ផងដែរ។

លោក Alckmin បានសង្កត់ធ្ងន់ថា យើងបានចាប់ផ្តើមផែនការ “បន្តឧស្សាហូបនីយកម្ម” នៅក្នុងប្រទេសប្រេស៊ីល ដើម្បីខិតខំជំរុញការអភិវឌ្ឍឧស្សាហកម្មរថយន្ត។ ផែនការនេះត្រូវបានគេហៅថា «ធ្វើការដំណើរការដោយភាពបៃតង» គ្របដណ្តប់ខ្សែបច្ចេកទេសជាច្រើន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនBYD ដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសប្រេស៊ីល។ ឥឡូវនេះ ក្រុមហ៊ុនGreat Wall Motors ក៏មានរោងចក្រនៅប្រទេសប្រេស៊ីលផងដែរ។

លោក Alckmin បានសង្កត់ធ្ងន់ទៀតថា សង្ឃឹមថាប្រទេសចិននឹងអភិវឌ្ឍន៍បន្ថែមទៀត។ ឥឡូវនេះ ប្រទេសចិនគឺជាអ្នកជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ នៅពេលដែលសេដ្ឋកិច្ចរបស់ចិនរីកចម្រើន និងអភិវឌ្ឍ មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូលផងដែរ៕

To Top