គៀវ៖ ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានកែប្រែ និងបន្តកិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនទំនិញ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា សម្រាប់រយៈពេលមួយឆ្នាំទៀត។
កិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពរួមមានបទប្បញ្ញត្តិ សម្រាប់ការពន្យារពេលការលុបចោលការអនុញ្ញាតពិសេស សម្រាប់អ្នកដឹកជញ្ជូនដែលធ្វើដំណើររវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។
ជាមួយគ្នានេះ កិច្ចព្រមព្រៀងបានបង្កើតកាតព្វកិច្ចទៅវិញទៅមកថ្មីរវាងភាគីទាក់ទងនឹងអាជ្ញាប័ណ្ណដឹកជញ្ជូន និងការដាក់ស្លាករថយន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា “របបដឹកជញ្ជូនគ្មានទិដ្ឋាការ” ជាមួយអឺរ៉ុប នឹងរួមចំណែកដល់ការធ្វើសមាហរណកម្មរបស់អ៊ុយក្រែន ទៅក្នុងលំហសេដ្ឋកិច្ចអឺរ៉ុប និងជំរុញសេដ្ឋកិច្ចរបស់ប្រទេស។
លោក Shmyhal បានបន្ដថា “វានឹងធានាឱ្យមានសក្ដានុពលវិជ្ជមាននៃការនាំចេញទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ដែលនឹងធ្វើឱ្យយើងមាននិរន្តរភាពសេដ្ឋកិច្ចកាន់តែច្រើន” ។
យោងតាមលោក ក្នុងរយៈពេល ១៨ខែកន្លងទៅ ការនាំចេញរបស់អ៊ុយក្រែនទៅកាន់អឺរ៉ុប បានកើនឡើង ៤៨ភាគរយ ដែលគាំទ្រដោយការដឹកជញ្ជូនទំនិញដោយគ្មានការអនុញ្ញាត៕ ប្រែសម្រួល ឈូក បូរ៉ា