ព័ត៌មានអន្តរជាតិ

«កិច្ចសម្ភាសន៍ជាន់ខ្ពស់» កិច្ចសម្ភាសន៍ជាន់ខ្ពស់ជាមួយលោក ស្រីMirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម

នៅពេលដែលសង្រ្គាម ឬជម្លោះផ្ទុះឡើងនៅលើពិភពលោក អង្គការអន្តរជាតិជាច្រើនតែងតែបញ្ជូនអ្នកជំនាញទៅកាន់កន្លែងគ្រោះថ្នាក់ទាំងនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារសង្រ្គាម។ ក្នុងចំណោមនោះ មានអង្គការមួយជាតំណាងគឺគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។

នៅពេលទទួលកិច្ចសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក ស្រីMirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានថ្លែងថា យើងអាចឃើញថា ស្ថានការណ៍សន្តិសុខស្បៀងអាហារនៅតំបន់ជាច្រើនលើពិភពលោកកាន់តែអាក្រក់ទៅៗជាពិសេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយសារតែស្ថានការណ៍អ៊ុយក្រែន ។ ហើយបើតាមការមើលឃើញពីស្ថានការណ៍នៅតំបន់ហ្គាហ្សា យើងអាចមើលឃើញថា ជម្លោះទំនងជាបន្តកើនឡើងនៅកន្លែងជាច្រើនទៀតជុំវិញពិភពលោក។

រឿងសំខាន់និងចាំបាច់គឺអ្នកដឹកនាំនយោបាយត្រូវខិតខំធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវចេញ ហើយផ្លូវចេញនោះគឺតាមរយៈការចរចានយោបាយ។ មិនថាក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ឬក្នុងវិស័យសន្តិភាព និងសន្តិសុខទេ ចិនគឺជាតួអង្គសំខាន់នៅលើពិភពលោក និងក្នុងតំបន់។ ដូច្នេះហើយ យើងសង្ឃឹមថា ប្រទេសចិននឹងបញ្ចេញឥទ្ធិពលរបស់ខ្លួន ដើម្បីជំរុញប្រទេសនានាក្នុងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះចិនមានសំឡេងខ្លាំង។

លោក ស្រីMirjana Spoljaric Egger បានថ្លែងថា នៅពេលជួបជាមួយលោក Xi Jinping ប្រធានរដ្ឋចិន អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតគឺការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinpingអំពីមនុស្សធម៌ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកក្នុងបុព្វហេតុមនុស្សធម៌ និងជំរុញឱ្យគ្រប់មជ្ឈដ្ឋានគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ យើងបានពិភាក្សាអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ហើយក៏បាននិយាយដល់ថាភាពរុងរឿងមិនអាចបំបែកចេញពីការអភិវឌ្ឍបានទេ ការអភិវឌ្ឍត្រូវការសន្តិភាព និងស្ថិរភាព៕

To Top