ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អង្គការសហប្រជាជាតិថា សង្គ្រាមថ្មីកំពុងមកដល់

Sputnik

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រថា ពិភពលោកកំពុងស្ថិតនៅលើគែមនៃគ្រោះមហន្តរាយ ដោយចង្អុលទៅហានិភ័យនៃជម្លោះដ៏ខ្លាំងក្លារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រមុខកងជីវពល Shia លោក Hassan Nasrallah បានព្រមានកាលពីថ្ងៃពុធថា ក្រុមហេសបូឡា ត្រូវបានរៀបចំសម្រាប់ជម្លោះពេញលេញជាមួយក្រុងហ្សេរុយសាឡឹមខាងលិច (អ៊ីស្រាអែល) ហើយអាចឈ្លានពានទឹកដីភាគខាងជើងរបស់រដ្ឋជ្វីហ្វ ក្នុងករណីមានការកើនឡើងភាពតានតឹងបន្ថែមទៀត។ ការ​ថ្លែង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មេ​បញ្ជាការ​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រុម​គឺ​លោក Hajj Sami Taleb Abdullah ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​កាល​ពី​សប្តាហ៍​មុន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានថា “ការផ្លាស់ប្តូរដែលរហ័ស – ការគណនាខុស គឺអាចបង្កឱ្យមានមហន្តរាយដែលហួសពីព្រំដែន ហើយនិយាយដោយត្រង់ទៅហួសពីការស្មាន” ។ លោកថា “ពិភពលោកមិនអាចឱ្យមានលទ្ធភាពឱ្យលីបង់ក្លាយជាតំបន់ហ្គាហ្សាមួយផ្សេងទៀតបានទេ។ ” លោក​បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំង​សងខាង​«​ប្ដេជ្ញា​ចិត្ត​ជា​បន្ទាន់​» ដើម្បី​សន្តិភាព។

លោក Guterres បាននិយាយថា “ពិភពលោកត្រូវតែនិយាយខ្លាំងៗ និងច្បាស់ថា ការបន្ថយការកើនឡើងភាពតានតឹងជាបន្ទាន់គឺមិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ តែវាគឺជាការចាំបាច់” ។ លោក​បាន​និយាយ​ថា​៖ «​គ្មាន​ដំណោះស្រាយ​ខាង​យោធា​ទេ​» ដោយ​បន្ថែម​ថា​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ជីវិត ឬ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ទាំង​នៅ​លីបង់ និង​អ៊ីស្រាអែល។

លោក Guterres បានបន្ថែមថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកំពុង “ធ្វើការដើម្បីបន្ថយភាពតានតឹង និងជួយការពារការគណនាខុស ក្នុងបរិយាកាសដ៏លំបាកខ្លាំង” ដោយលោកមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ណាមួយឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top