ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ រុស្ស៊ី ត្រៀម ខ្លួនរួចហើយ សម្រាប់កិច្ចសន្ទនា ទូលំទូលាយ ជាមួយសហរដ្ឋអាមេរិក ខណៈក្តីកង្វល់កាន់តែខ្លាំង សម្រាប់សន្តិសុខពិភពលោក

AFP

ម៉ូស្គូ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើង កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចសន្ទនាដ៏ទូលំទូលាយ ជាមួយនឹងសហរដ្ឋអាមេរិក ជាពិសេសដោយសារ តែការកើនឡើងកង្វល់កាន់តែខ្លាំង ពីសន្តិសុខពិភពលោក ។
លោក Peskov បានបញ្ជាក់ថា “ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនា ជាមួយសហរដ្ឋអាមេរិក… ប៉ុន្តែសម្រាប់តែការ សន្ទនាដ៏ទូលំទូលាយប៉ុណ្ណោះ” ដោយបានបន្ថែមថា កិច្ចពិភាក្សាបែបនេះ គឺចាំបាច់នៅពេលដែលបញ្ហានៅតែបន្តកើតមាន ជាពិសេសទាក់ទងនឹង ស្ថាបត្យកម្មសន្តិសុខពិភពលោក ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបានលើកឡើងថា ការសន្ទនា បែបនេះត្រូវតែទូលំទូលាយ និងទ្រង់ទ្រាយធំ ហើយគ្របដណ្តប់គ្រប់វិស័យ រួមទាំងវិបត្តិអ៊ុយក្រែនបច្ចុប្បន្ន និង “ការចូលរួមដោយផ្ទាល់ របស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះនេះ” ។

លោក Peskov បានធ្វើការកត់សម្គាល់ទៀតថា កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ី ជាមួយដៃគូរបស់ខ្លួន “មិនមានទិសដៅប្រឆាំងនឹងប្រទេសទី៣នោះទេ” ហើយចុងក្រោយ គឺសំដៅលើការកែលម្អសុខុមាលភាព របស់ពលរដ្ឋនៃប្រទេស ទាំងនោះតែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top