ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារពុលស្រា នៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់៥៤នាក់

AFP

ញ៉ូដេលី៖ មន្ត្រីរដ្ឋាភិបាលម្នាក់ បានលើកឡើងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៤នាក់ពីការទទួលទានស្រា ដែលខូចគុណភាពនៅក្នុងរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ដោយមានមនុស្សជាង១០០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយទេ ។
មនុស្សជិត២០០នាក់ ត្រូវបានទទួលការព្យាបាល គិតចាប់តាំងពីថ្ងៃពុធ ដោយសារមានអាការៈក្អួត ឈឺពោះ និងរាគរូសខ្លាំង ក្រោយពីបានផឹកស្រា ដែលមានផ្ទុកជាតិមេតាណុល នៅក្នុងស្រុក Kallakurichi ចម្ងាយប្រហែល២៥០គីឡូម៉ែត្រពីទីក្រុង Chennai រដ្ឋធានីរដ្ឋខាងលើ ។

មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា មន្ត្រីអនុវត្តច្បាប់ដែលកំពុងស៊ើបអង្កេត ឧប្បត្តិហេតុនេះ បានចាប់ខ្លួនមនុស្សចំនួន៧នាក់។

មន្ត្រីជាន់ខ្ពស់ប្រចាំស្រុកខាងលើបានឲ្យដឹងទៀតថា កំពុងចាត់វិធានការតាមដានលើអ្នកលក់ស្រា និងអ្នកលក់ស្រានៅក្នុងស្រុក ។

ការស្លាប់ដោយសារគ្រឿងស្រវឹងដែលផលិតដោយខុសច្បាប់ ដែលជារឿយៗគេហៅថា ស្រាប្រទេស គឺជារឿងធម្មតាមួយនៅក្នុងប្រទេសឥណ្ឌា ដែលមនុស្សតិចណាស់ អាចមានលទ្ធភាពទិញស្រា ដែលមានស្លាកសញ្ញាត្រឹមត្រូវ ទោះបីជាមានការទាមទារ ជាសាធារណៈ ឱ្យមានការ បង្ក្រាបអ្នកលក់ក៏ដោយ ។

រដ្ឋាភិបាលរដ្ឋដដែលនេះបានបញ្ជាក់ថា ខ្លួនកំពុងចាត់វិធានការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលពាក់ព័ន្ធក្នុងការផលិតសារធាតុមេតាណុល ដែលជាសារធាតុគីមីពុល ដែលជាធម្មតា ប្រើសម្រាប់គោលបំណងឧស្សាហកម្ម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top