ព័ត៌មានអន្តរជាតិ

ផែនការពន្ធរបស់អឺរ៉ុប ដែលកំណត់គោលដៅ​លើរថយន្ត EV របស់ចិន នឹងបង្កអន្តរាយដល់ភាគីទាំងពីរ

Xinhua

ប៉េកាំង៖ លោក Zheng Shanjie ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន បានឲ្យដឹងថា ផែនការរបស់សហភាពអឺរ៉ុប ក្នុងការយកពន្ធបន្ថែមលើការ នាំចូលរថយន្តអគ្គិសនីរបស់ចិន (EVs) នឹងធ្វើឱ្យប៉ះពាល់ដល់ភាគីទាំងពីរ។

ដោយបដិសេធការអះអាងនៃ “លើសចំណុះ” នៅក្នុងឧស្សាហកម្ម ថាមពលថ្មីរបស់ប្រទេសចិន លោក Zheng បានហៅការអះអាងទាំងនេះថា ផ្ទុយនឹងគោលការណ៍ទីផ្សារ និងសុភវិនិច្ឆ័យ ។

ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រទេសចិន និងអាល្លឺម៉ង់ស្តីពីការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតង លោក Zheng បានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។

លោក បានលើកឡើងថា ការអភិវឌ្ឍន៍នៃឧស្សាហកម្មថាមពលថ្មី របស់ប្រទេសចិន ត្រូវបានជំរុញដោយគុណសម្បត្តិនៅក្នុងបច្ចេកវិទ្យា ទីផ្សារ និងសង្វាក់ឧស្សាហកម្ម ដោយបន្ថែមថា វាគឺជាលទ្ធផល នៃការប្រកួតប្រជែងទីផ្សារជាជាងការឧបត្ថម្ភធន ឬការអនុវត្តមិនយុត្តិធម៌។

ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាប្រើប្រាស់សមត្ថភាព នៃយានជំនិះថាមពលថ្មី (NEVs) របស់ចិននៅតែស្ថិតក្នុងកម្រិតខ្ពស់មួយ ដោយផលិតផលភាគច្រើន បានលក់ក្នុងស្រុក និងការនាំចេញមានត្រឹមតែ ១២,៥ភាគរយនៃទិន្នផល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top