ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មមេដឹកនាំ នៃក្រុមហ៊ុនផ្តល់កម្មវិធី កម្ចាត់មេរោគ រុស្ស៊ី Kaspersky

រូបភាព៖ Afp

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម កាលពីថ្ងៃសុក្រ ប្រឆាំងនឹងនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូប នៃក្រុមហ៊ុនសន្តិសុខ អ៊ីនធឺណិតរុស្ស៊ី Kaspersky Lab មួយថ្ងៃបន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានហាមឃាត់ ការលក់កម្មវិធីកំចាត់មេរោគរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក។

លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារ សម្រាប់ភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ បានឲ្យដឹងនៅពេលប្រកាស អំពីការរចនាប្រឆាំងនឹង នាយកប្រតិបត្តិក្រុមហ៊ុន Kaspersky ចំនួន ១២រូប រួមទាំងប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនថា “សកម្មភាពថ្ងៃនេះប្រឆាំងនឹង ការដឹកនាំរបស់ Kaspersky Lab គូសបញ្ជាក់ការប្តេជ្ញាចិត្តរ បស់យើង ក្នុងការធានានូវសុចរិតភាពនៃដែនអ៊ីនធឺណិតរបស់យើង និងដើម្បីការពារប្រជាពលរដ្ឋរបស់យើងពីការគំរាមកំហែងតាមអ៊ីនធឺណិត ដែលមានគំនិតអាក្រក់”។

លោក Nelson បានលើកឡើងថា “សហរដ្ឋអាមេរិក នឹងចាត់វិធានការក្នុងករណីចាំបាច់ដើម្បីទទួលខុសត្រូវចំពោះអ្នក ដែលចង់ជួយសម្រួល ឬបើកសកម្មភាពទាំងនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Kaspersky គឺជាកម្មវត្ថុនៃយុត្តាធិការ ការគ្រប់គ្រង ឬការណែនាំរបស់រដ្ឋាភិបាលរុស្ស៊ី ដែលអាចទាញយក សិទ្ធិទទួលបានទិន្នន័យរសើប រួមទាំងព័ត៌មានផ្ទាល់ខ្លួន ឬឆ្លងកាត់វិធានការសន្តិសុខតាមអ៊ីនធឺណិត ដោយហេតុនេះ បង្កហានិភ័យដែលមិនអាចទទួលយកបាន ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ឬសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក”។

ការប្រកាសខាងលើបានធ្វើតាមការសម្រេចចិត្ត របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការហាមឃាត់ ការលក់កម្មវិធីកំចាត់មេរោគ របស់ក្រុមហ៊ុន Kaspersky នៅសហរដ្ឋអាមេរិក។

ការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាទូទៅ Kaspersky នឹងមិនអាចលក់កម្មវិធីរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ឬផ្តល់ការអាប់ដេត ចំពោះកម្មវិធីដែលប្រើប្រាស់ រួចហើយនោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top