បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺន សម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ កាលពីព្រឹកថ្ងៃអាទិត្យ។
វាគឺជាការវាយប្រហារ ដ៏បំផ្លិចបំផ្លាញជាបន្តបន្ទាប់ ដែលក្រសួងបានអះអាងថា ត្រូវបានធ្វើឡើង ឆ្លងកាត់ជួរមុខរបស់អ៊ុយក្រែន ទាំងមូលបានយ៉ាងជោគជ័យ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រសួងការពារជាតិរុស្សី មិនបានធ្វើការបញ្ជាក់លំអិតច្បាស់ អំពីទីតាំងដែលខ្លួនបានធ្វើការ វាយប្រហារនេះឡើយ។
កងកម្លាំងរុស្ស៊ីតែងតែប្រើមីស៊ីល និង យន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារលើអាកាសយានដ្ឋានយោធា និងការប្រមូលផ្តុំកងទ័ពយ៉ាងជ្រៅ នៅពីក្រោយខ្សែបន្ទាត់អ៊ុយក្រែន ។
គួរឲ្យដឹងដែរថា ដោយសារទីក្រុងគៀវ មិនទាន់ទទួលបានយន្តហោះចម្បាំង បស្ចិមប្រទេស អ៊ុយក្រែនជាធម្មតា ដាក់យន្តហោះចម្បាំង MiG-29 និង Su-27 ដែលសេសសល់ពីសម័យសូវៀត របស់ខ្លួននៅអាកាសយានដ្ឋានទាំងនេះ ៕
ប្រែសម្រួល៖ស៊ុនលី