បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំនាក់ទំនងដ៏រឹងមាំរវាងរុស្ស៊ី និងចិនបាននាំទៅរកការធ្លាក់ចុះ នៃទំនាក់ទំនងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុប នេះបើយោងតាមការបញ្ជាក់ ដោយអនុអធិការបតីអាល្លឺម៉ង់លោក Robert Habeck បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលទស្សនកិច្ច រយៈពេលបីថ្ងៃទៅកាន់ប្រទេសអាស៊ី។
សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិច បានស្តីបន្ទោសរដ្ឋាភិបាលចិន ចំពោះការរក្សាទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជិតស្និទ្ធជាមួយទីក្រុងមូស្គូ ចំពេលមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាការស្ទាក់ស្ទើររបស់ខ្លួន ក្នុងការចូលរួមក្នុងការរិះគន់អន្តរជាតិ របស់វិមានក្រឹមឡាំងផងដែរ។
លោក Habeck ដែលក៏កំពុងបម្រើការជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងអាកាសធាតុរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះទីក្រុងម៉ូស្គូកំពុងធ្វើឱ្យខូច ដល់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសចិន និងប្លុកនេះយ៉ាងអាក្រក់ឡើង។
លោកបានបន្ថែមថា ក្រុងប៉េកាំងមិនអាចគ្រាន់តែប្តូរ ទៅរកជំហរអព្យាក្រឹតទេ ហើយបន្ទាប់មកចូលរួមប្រឆាំងនឹង ផលប្រយោជន៍សន្តិសុខរបស់ ប្រទេសផ្សេងទៀតនោះទេ។
ក្នុងអំឡុងជំនួបជាមួយសមភាគីចិន លោក Zheng Shanjie កាលពីថ្ងៃសៅរ៍ អនុប្រធានអធិការបតីរូបនេះ បាននិយាយថា ផលប្រយោជន៍សន្តិសុខរបស់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ត្រូវបានប៉ះពាល់ដោយផ្ទាល់ដោយជម្លោះ ដោយព្រមានទីក្រុងប៉េកាំងអំពី ផលវិបាកសេដ្ឋកិច្ចដោយសារកិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយទីក្រុងមូស្គូ ៕
ប្រែសម្រួល៖ ស៊ុន លី