ព័ត៌មានអន្តរជាតិ

ចិន ចង់ឱ្យអឺរ៉ុប ដកការតម្លើងពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន នៅត្រឹមថ្ងៃទី ៤ ខែកក្កដា

រូបភាពពី៖​ AFP

បរទេស៖ ទីក្រុងប៉េកាំងចង់ឱ្យអឺរ៉ុបដកការតម្លើងពន្ធបឋមរបស់ខ្លួនលើយានយន្តអគ្គិសនីរបស់ចិនត្រឹមថ្ងៃទី ៤ ខែកក្កដា នេះបើតាមសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមធ្វើកិច្ចចរចាពាណិជ្ជកម្មថ្មី។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ពន្ធបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបរហូតដល់ 38.1% លើរថយន្តអគ្គិសនី (EV) ដែលផលិតដោយចិនដែលនាំចូលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា ខណៈដែលប្លុក (អឺរ៉ុប) ស៊ើបអង្កេតអ្វីដែលខ្លួននិយាយថា ជាការឧបត្ថម្ភធនហួសហេតុនិងមិនយុត្តិធម៌។

ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យអឺរ៉ុប លុបចោលពន្ធគយរបស់ខ្លួនដោយបង្ហាញពីឆន្ទៈក្នុងការចរចា។ ទីក្រុងប៉េកាំងមិនចង់ជាប់ពាក់ព័ន្ធក្នុងសង្គ្រាមពន្ធដារផ្សេងទៀត ដែលនៅតែជាប់គាំងដោយពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ខ្លួនដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ត្រាំ នោះទេ ប៉ុន្តែចិនបាននិយាយថា ខ្លួននឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិនប្រសិនបើមានកើតឡើង។

ភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមកិច្ចចរចាឡើងវិញបន្ទាប់ពីការហៅទូរស័ព្ទរវាងស្នងការសហភាពអឺរ៉ុបលោក Valdis Dombrovskis និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិន កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ដែលបាននិយាយថា ទ្វារសម្រាប់ការពិភាក្សាគឺ “បើកចំហ” ។

កាសែត Global Times របស់ចិន ដែលដកស្រង់សម្តីអ្នកសង្កេតការណ៍ បាននិយាយថា លទ្ធផលល្អបំផុតគឺថា EU លុបចោលការសម្រេចចិត្តតម្លើងពន្ធរបស់ខ្លួនមុនថ្ងៃទី៤ ខែកក្កដា។ ប៉ុន្តែគណៈកម្មការ អ្នកវិភាគ និងក្រុមអ្នកបញ្ចុះបញ្ចូលពាណិជ្ជកម្មអឺរ៉ុបបានសង្កត់ធ្ងន់ថា កិច្ចពិភាក្សានឹងក្លាយជាកិច្ចការសំខាន់ ហើយចិននឹងត្រូវមានឆន្ទៈក្នុងការធ្វើសម្បទានធំៗ៕ ប្រែសម្រួលៈ ណៃ តុលា

To Top