ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីជប៉ុន ជំរុញឱ្យលោក គីស៊ីដា លាលែងតំណែងពីគណបក្ស LDP

Kyodo

តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ជឿថា គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចកំពុងបាត់បង់ជំនឿលើអ្នកស្នងតំណែងរបស់លោក ហ្វូមីអូ គីស៊ីដា ហើយបានអំពាវនាវឱ្យមេដឹកនាំដែលកំពុងកាន់អំណាចពិចារណាចុះចេញពីតំណែងជុំវិញការដោះស្រាយរឿងអាស្រូវថវិកានយោបាយដែលបានគំរាមកំហែងដល់ការក្តាប់អំណាចរបស់គណបក្ស។

លោក Suga ដែលនៅតែជាឥស្សរជនលេចធ្លោនៅក្នុង LDP បានឲ្យដឹងនៅក្នុងកម្មវិធីអនឡាញមួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា “ចំនួនកើនឡើងនៃមនុស្សនៅក្នុងគណបក្ស LDP កំពុងមានអារម្មណ៍នៃវិបត្តិថា ប្រសិនបើស្ថានភាពនេះនៅតែបន្ត នឹងមានការផ្លាស់ប្តូររដ្ឋាភិបាល” ។

ការកត់សម្គាល់របស់លោក Suga បង្ហាញឱ្យឃើញយ៉ាងមានប្រសិទ្ធភាពថា កម្រិតខ្ពស់បំផុតរបស់គណបក្សលែងគាំទ្រលោក គីស៊ីដា ជានាយករដ្ឋមន្ត្រីទៀតហើយ ដោយការអត្ថាធិប្បាយរបស់គាត់កើតឡើងបន្ទាប់ពីមានការអំពាវនាវស្រដៀងគ្នាពីសមាជិកសភា LDP វ័យក្មេងមួយចំនួនឱ្យលោក គីស៊ីដា លាលែងពីតំណែងមុនការប្រកួតប្រជែងតំណែងប្រធាន ដែលបានគ្រោងទុកនៅខែកញ្ញា។

លោក Suga បានលើកឡើងថា “នាយករដ្ឋមន្ត្រីខ្លួនឯងមិនបាននិយាយអំពីការទទួលខុសត្រូវរបស់លោក ចំពោះរឿងអាស្រូវមូលនិធិនយោបាយ រហូតមកដល់សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍មិនទុកចិត្ត” ។

នៅពេលសួរថាតើមេដឹកនាំ LDP ថ្មីគួរតែត្រូវបានជ្រើសរើសឬអត់នោះ លោក Suga ដែលបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីក្នុងខែតុលា ឆ្នាំ២០២១ ដោយសារតែការមិនពេញចិត្តនឹងការដឹកនាំរបស់លោក បានឲ្យដឹងថា “ខ្ញុំគិតដូច្នេះ” ដោយបន្ថែមថា “វានឹងជាឱកាសដ៏ល្អបំផុតសម្រាប់មនុស្សក្នុងការយល់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់គណបក្ស LDP ក្នុង​ការ​កែ​ទម្រង់​ខ្លួន​ឯង”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top