វ្លាឌីស្ដុក៖ នាវាចម្បាំងនៃកងនាវាចរប៉ាស៊ីហ្វិក របស់រុស្ស៊ីបានអនុវត្តការ បាញ់កាំភ្លើងធំសំដៅ លើគោលដៅលើអាកាស និងដែនសមុទ្រ ដែលជាផ្នែកនៃសមយុទ្ធយុទ្ធសាស្ត្រ ទ្វេភាគីដែលពាក់ព័ន្ធនឹង ក្រុមកងនាវានៅសមុទ្រជប៉ុន និង Okhotsk
ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីការិយាល័យ សារព័ត៌មានរបស់កងនាវាបានឲ្យដឹងថា “នាវាចម្បាំងនៃកងនាវាប៉ាស៊ីហ្វិក បន្ទាប់ពីដាក់ពង្រាយនៅក្នុងតំបន់ ដែលបានកំណត់នៃសមុទ្រជប៉ុន និង Okhotsk បានចាប់ផ្តើមធ្វើសមយុទ្ធប្រយុទ្ធ ជាផ្នែកនៃសមយុទ្ធទ្វេភាគី នៃក្រុមកងនាវាប៉ាស៊ីហ្វិក” ។
ការិយាល័យសារព័ត៌មានបានបន្ថែមថា ក្រុមកប៉ាល់បានចូលរួមក្នុងសមរភូមិ កងទ័ពជើងទឹកជាមួយសត្រូវចំអក ដោយធ្វើការបាញ់កាំភ្លើងធំ ប្រឆាំងនឹងគោលដៅលើផ្ទៃ និងពីលើអាកាស។ ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ក៏ត្រូវបានប្រើប្រាស់ផងដែរ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីអាកាស។
មុនពេលសមយុទ្ធប្រយុទ្ធ ឧទ្ធម្ភាគចក្រធុន Ka-27PS ពីក្រុមយុទ្ធសាស្ត្រនៃកងនាវា Primorsk បានអនុវត្តប្រតិបត្តិការឈ្លបយកការណ៍ និងស្វែងរកសត្រូវនៅលើដែនសមុទ្រ។ នាវិកបានអនុវត្តបច្ចេកទេស ក្លែងបន្លំដោយប្រើអេក្រង់ផ្សែង ដើម្បីការពារប្រឆាំងនឹងទូកសត្រូវ ដែលគ្មានមនុស្សបើក។
សមយុទ្ធយុទ្ធសាស្ត្រទ្វេភាគី នៃក្រុមកងនាវាចរប៉ាស៊ីហ្វិក ចាប់ផ្តើមពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្លងកាត់ដែនទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក សមុទ្រជប៉ុន និងសមុទ្រ Okhotsk ក្រោមការបញ្ជារួមរបស់ឧត្តមនាវីឯក Viktor Liina មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា