យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាស កាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ប្តេជ្ញាចិត្ត ចំពោះសំណើកិច្ចព្រមព្រៀង ដែលលើកឡើង ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់បទឈប់បាញ់ នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងអំឡុងសម័យប្រជុំពេញអង្គពិសេសរបស់សភាអ៊ីស្រាអែល ដែលកោះហៅដោយក្រុមប្រឆាំងថា “យើងប្តេជ្ញា ចំពោះសំណើរបស់អ៊ីស្រាអែល ដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រម” ។
លោក បៃដិន បានបង្ហាញជាលើកដំបូង នូវសំណើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះ ដែលកំពុងបន្តនៅចុងខែឧសភា ដោយសំដៅទៅលើវាថាជា “សំណើរបស់អ៊ីស្រាអែល” ។ ការលើកឡើងរបស់លោក ណេតាន់យ៉ាហ៊ូ ជាលើកដំបូងដែលភាគីអ៊ីស្រាអែលបានបញ្ជាក់ថា អ៊ីស្រាអែលបានអនុម័ត និងគាំទ្រសំណើនេះ។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់សភា Knesset ថា អ៊ីស្រាអែល នឹងមិនបញ្ចប់ជម្លោះនេះឡើយ “រហូតដល់យើងនាំយកចំណាប់ខ្មាំងទាំងអស់មកវិញ ពួកគេទាំង ១២០ នាក់ ទាំងអ្នករស់ និងអ្នកស្លាប់” និងរហូតដល់ក្រុមហាម៉ាស់ ត្រូវបាន “កម្ចាត់ចោល” ហើយអ្នកស្រុកនៅភាគខាងត្បូង និងភាគខាងជើងអាចត្រឡប់មកវិញដោយសុវត្ថិភាពទៅផ្ទះរបស់ពួកគេ។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកដ៏ធំមួយនៅតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹក ចំពោះការវាយលុករបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១២០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា