ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ត ប៉ះទង្គិចពាក្យសម្តីគ្នា ជាមួយអ៊ីរ៉ង់ និងរុស្ស៊ី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ

AFP

បរទេស ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបសំខាន់ៗរបស់ខ្លួន បានប៉ះទង្គិចគ្នាជាមួយអ៊ីរ៉ង់ និងរុស្ស៊ី ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ ដោយអាមេរិក បានប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ ដើម្បីការពារអ៊ីរ៉ង់ដែលមានអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាឡឺម៉ង់បានចោទអ៊ីរ៉ង់ថា បានបង្កើនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនលើសពីដែនកំណត់ដែលខ្លួនបានព្រមព្រៀងក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានបំណងរារាំង ទីក្រុងតេអេរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការខកខានក្នុងការសហការ ជាមួយអង្គការឃ្លាំមើល នុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។

ចំណែកអ៊ីរ៉ង់ និងរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បានបន្តអនុវត្តទណ្ឌកម្មសេដ្ឋកិច្ច ដែលត្រូវបានគេសន្មត់ថា ត្រូវបានដកចេញ ក្រោមកិច្ចព្រមព្រៀងនេះ ហើយបានទទូចថា កម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេហេរ៉ង់ នៅតែស្ថិតក្រោមការត្រួត ពិនិត្យជាប្រចាំដោយទីភ្នាក់ងារ IAEA ។

ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅក្នុងកិច្ចប្រជុំពាក់កណ្តាលឆ្នាំស្តីពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់ និងប្រទេសធំៗ ចំនួន៦គឺសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពទូលំទូលាយរួម។

នៅក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងតេហេរ៉ង់បានយល់ ព្រមកំណត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតចាំបាច់សម្រាប់ការប្រើប្រាស់ ដោយសន្តិវិធី នៃថាមពលនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច ៕
ប្រែសម្រួលៈ ណៃ តុលា

To Top