សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដ ដោយជោគជ័យកាលពីថ្ងៃពុធ លើការបំបែក និងដឹកនាំការសាកល្បងក្បាល គ្រាប់ចល័តនីមួយៗ ។
ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ការធ្វើតេស្តនេះត្រូវបានអនុវត្តដោយប្រើម៉ាស៊ីន ដំណាក់កាលទី១មីស៊ីលផ្លោងឥន្ធនៈរឹង កម្រិតមធ្យមក្នុងរយៈចម្ងាយពី១៧០ទៅ២០០គីឡូម៉ែត្រ ។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្បាលគ្រាប់ចល័តដែលបំបែកបានត្រូវបាន ដឹកនាំយ៉ាងត្រឹមត្រូវ ទៅកាន់គោលដៅសម្របសម្រួលចំនួន៣ ហើយប្រសិទ្ធភាពនៃការបំបែកចេញពីមីស៊ីល ក៏ត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធរ៉ាដាប្រឆាំងដែនអាកាសផងដែរ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រដ្ឋបាលមីស៊ីល កូរ៉េខាងជើង ដែលទទួលខុសត្រូវចំពោះការសាកល្បងកាលពីថ្ងៃពុធ បានលើកឡើងថា ការសាកល្បងបច្ចេកវិទ្យាពាក់ព័ន្ធបានឈានចូលដល់ “ដំណាក់កាលពេញលេញហើយ” ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រឹងកងកម្លាំងមីស៊ីលរបស់ប្រទេស និងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា