ព័ត៌មានអន្តរជាតិ

មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទំនងជាផ្ទុះ នៅលើអាកាសមុនធ្លាក់ចូលសមុទ្រ

រូបភាពពី៖​ Kyodo

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ម្សិលមិញនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន ប៉ុន្តែមីស៊ីលនេះត្រូវបានគេជឿថាបានបរាជ័យ ដោយសារវាទំនងជាបានផ្ទុះនៅកណ្តាលអាកាស មុនពេលធ្លាក់ចូលសមុទ្រ។

យោធាបានឲ្យដឹងថា កូរ៉េខាងត្បូង បានរកឃើញការបាញ់បង្ហោះនៅជិតទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥ និង ៣០នាទី ព្រឹក ហើយកាំជ្រួចនេះមិនបានបង្កការខូចខាតដល់យន្តហោះ ឬនាវានោះទេ។ ប្រភពយោធាមួយបានឲ្យដឹងថា កូរ៉េខាងជើង ប្រហែលជាបានបាញ់សាកល្បងមីលស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ដែលបំពាក់ដោយម៉ាស៊ីនឥន្ធនៈរឹង ប៉ុន្តែវាបានផ្ទុះនៅពេលហោះហើរលើសមុទ្រ។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់មួយគ្រាប់ឆ្ពោះទៅទិសខាងកើត ហើយវាត្រូវបានគេប៉ាន់ប្រមាណថា បានហោះជាង ២០០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាប្រហែល ១០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចេញពីឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ គ្រាប់មីស៊ីលបានធ្លាក់ចូលទៅក្នុងសមុទ្រ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

មីស៊ីលលឿនជាងសំឡេងត្រូវបានរចនាឡើង ដើម្បីធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងប្រាំដង។ ក្រុមអ្នកវិភាគបានឲ្យដឹងថា ដោយសារវាមានការលំបាក សម្រាប់ប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់ក្នុងការស្ទាក់ចាប់មីស៊ីលបែបនេះ ការទិញយករបស់កូរ៉េខាងជើងនូវសមត្ថភាពកាំជ្រួចលឿនជាងសំឡេងបានបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខក្នុងតំបន់។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងអភិវឌ្ឍកាំជ្រួចដែលប្រើឥន្ធនៈរឹង ដើម្បីកាត់បន្ថយពេលវេលា ដែលត្រូវការសម្រាប់ការរៀបចំការបាញ់បង្ហោះមុនគេ ខណៈប្តេជ្ញាធានានូវសមត្ថភាពឈ្លបយកការណ៍ជាមួយនឹងប្រព័ន្ធផ្កាយរណបថ្មីរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top