ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ជុំវិញទំនាក់ទំនងទ្វេភាគី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ការផ្លាស់ប្តូរកម្រិតខ្ពស់រវាងចិន និងវៀតណាម បង្ហាញយ៉ាងពេញលេញនូវទំនាក់ទំនង មិត្តភាពពិសេសរវាងបក្ស និងប្រទេសទាំងពីរ ក៏ដូចជាកម្រិតខ្ពស់នៃទំនាក់ទំនងទៅវិញទៅមក ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកបានលើកឡើងថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយវៀតណាម ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ហើយជំរុញឱ្យមានការរីកចម្រើនថ្មី ក្នុងការកសាងសហគមន៍ចិន-វៀតណាម ជាមួយនឹងអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
លោក Bui Thanh Son បានកត់សម្គាល់ថា វៀតណាម តែងតែចាត់ទុកប្រទេសចិន ជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រនៃ គោលនយោបាយការបរទេសរបស់វៀតណាម ដោយបន្ថែមថា វៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយចិនតែមួយ ប្រឆាំងដាច់ខាត “ឯករាជ្យភាពតៃវ៉ាន់” និងប្រឆាំងការជ្រៀតជ្រែកពីកម្លាំង ខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
លោកបានបន្ដថា វៀតណាម មានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរនៅគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ហើយរួមគ្នាជំរុញបុព្វហេតុនៃការកសាងសង្គមនិយម។ លោកបានបន្ថែមថា វៀតណាមមានឆន្ទៈចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើមពិភពលោកជាបន្តបន្ទាប់ ដែលស្នើឡើងដោយប្រទេសចិន ៕
ប្រែសម្រួល ឈូក បូរ៉ា