ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ២៣ គ្រឿង

AFP

បរទេស៖ អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងស្ទើរតែទាំងអស់នៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅពេលយប់ ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ២៣ គ្រឿង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលសរុបចំនួន ៦ គ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីគោលដៅនៃការវាយប្រហារនោះទេ។

របាយការណ៍ពីមន្ត្រីក្នុងតំបន់បានបង្ហាញថា រុស្ស៊ីបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើផ្នែកខ្លះនៃភាគខាងត្បូងអ៊ុយក្រែន។

លោក Vitaliy Kim អភិបាលនៃតំបន់ Mykolaiv បានរាយការណ៍នៅលើ Telegram ថា ការការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿង និងកាំជ្រួច Cruise ចំនួន ៣គ្រាប់ ។

នៅទីក្រុង Kherson អភិបាល Oleksandr Prokudin បាននិយាយនៅលើ Telegram ថា កងកម្លាំងអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកចំនួនពីរ។ អភិបាល នៅទីនោះបាននិយាយនៅលើ Telegram ថា ការការពារដែនអាកាសបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយទៀត លើតំបន់ Dnipropetrovska ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៤ គ្រឿងនៅលើតំបន់ Tver ភាគពាយព្យនៃទីក្រុងមូស្គូ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកចំនួនពីរនៅលើតំបន់មូស្គូ និងមួយទៀតនៅលើទីក្រុង Belgorod ៕
ប្រែសម្រួលៈ ណៃ តុលា

To Top