បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និងគូប្រជែងរបស់លោកគឺអតីតប្រធានាធិបតី លោក Donald Trump បានចោទគ្នាទៅវិញទៅមកថា បានជួយពង្រឹងរុស្ស៊ី នៅក្នុងជម្លោះ របស់ខ្លួនជាមួយអ៊ុយក្រែន។ ភាគីទាំងពីរបានវាយប្រហារ ទៅលើកំណត់ត្រារបស់គ្នាទៅវិញទៅមក លើគោលនយោបាយការបរទេសក្នុងអំឡុង ពេលការជជែកដេញ ដោលប្រធានាធិបតីលើកដំបូង ដែលរៀបចំដោយ CNN ក្នុងទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Trump បានអះអាងថា លោក Biden បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ របស់អាមេរិកនៅលើឆាកពិភពលោក ហើយថាវាគឺជាកត្តាមួយ ដែលបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យចាប់ផ្តើមប្រតិបត្តិការយោធា ដែលកំពុងបន្តនៅក្នុង ប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។
លោក Trump បាននិយាយថា “ប្រសិនបើយើងមានប្រធានាធិបតី ដែលត្រូវបានគោរពដោយពូទីន នោះគាត់នឹងមិនឈ្លានពាន អ៊ុយក្រែនទេ” ។ “[Biden] មិនបានធ្វើអ្វីដើម្បីបញ្ឈប់វាទេ។ អ្នកដឹងទេ ខ្ញុំគិតថាគាត់បានលើកទឹក ចិត្តរុស្ស៊ីឱ្យចូល ។
អតីតប្រធានាធិបតី Trump បានស្នើថា លោកពូទីន “បានឃើញអសមត្ថភាព” របស់ទីក្រុងវ៉ាស៊ីនតោន អំឡុងពេលការដកទ័ពអាមេរិកចេញ ពីអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១។ វាគឺជា “ពេលវេលាដ៏អាម៉ាស់បំផុត ក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង” ។ លោកបានបន្ថែមថា៖ «នៅពេលពូទីនបានឃើញដូច្នេះ គាត់បាននិយាយថា ‘អ្នកដឹងអ្វីទេ ខ្ញុំគិតថាយើងនឹងទៅនៅ [អ៊ុយក្រែន]» ៕
ប្រែសម្រួលៈ ណៃ តុលា