បរទេស៖ ទីក្រុងមូស្គូបានសន្យា “គាំទ្រដោយមិនងាករេ” សម្រាប់ប្រធានាធិបតីបូលីវី លោក Luis Arce បន្ទាប់ពីរដ្ឋាភិបាលរបស់លោក បានប្រឈមមុខនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារដោយយោធាកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប៉ះបោរនៃក្រុមនយោបាយ មានអាវុធដែលបរាជ័យ បានដឹកនាំដោយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ គឺឧត្តមសេនីយ Juan Jose Zuniga។ កងទ័ពរបស់គាត់បានកាន់កាប់ Plaza Murillo ដែលជាទីលានកណ្តាលក្នុងរដ្ឋធានី La Paz ប្រទេសបូលីវី ហើយបានវាយលុកចូលវិមានប្រធានាធិបតី ប៉ុន្តែត្រូវប្រឈមមុខនឹងការតស៊ូនៅក្នុងស្រុក និងស្តីបន្ទោសអន្តរជាតិ។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានថ្កោលទោស ការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ហើយចាត់ទុកថាជារឿងចាំបាច់ ដែលជម្លោះនយោបាយផ្ទៃក្នុងត្រូវបានដោះស្រាយ នៅក្នុងក្របខ័ណ្ឌនៃច្បាប់រដ្ឋធម្មនុញ្ញ។
ក្រសួងការបរទេសរុស្ស៊ី បន្ថែមថា “យើងព្រមានប្រឆាំងនឹងការប៉ុនប៉ង ចូលជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសបូលីវី និងប្រទេសដទៃទៀត។ សកម្មភាពបែបនេះពីមុនបាននាំឱ្យមានផល វិបាកសោកនាដកម្មសម្រាប់ប្រទេស និងប្រជាជនមួយចំនួន រួមទាំងនៅក្នុងតំបន់អាមេរិកឡាទីនផងដែរ» ៕
ប្រែសម្រួលៈ ណៃ តុលា