តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាល កំពូលរបស់ប្រទេសជប៉ុន បានអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដើម្បីធានាការវិលត្រឡប់មកវិញ នៃជនរងគ្រោះ នៃការចាប់ពង្រត់ កាលពីអតីតកាល របស់ប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលសន្និសីទអនឡាញ របស់អង្គការសហប្រជាជាតិ។
ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi ក៏បានសន្យាថាប្រទេសជប៉ុន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវ កិច្ចប្រជុំកំពូលរវាងនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងគោលបំណងដោះស្រាយបញ្ហាការ ចាប់ពង្រត់ជាយូរមកហើយ។
លោក Hayashi បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់គាត់នៅឯសន្និសីទថា “យើងនឹងបន្តអំពាវនាវឱ្យកូរ៉េខាងជើង ធ្វើការសម្រេចចិត្តរួមគ្នាជាមួយយើងពីទស្សនៈទូលំទូលាយ ជំនះរាល់ឧបសគ្គ ដើម្បីសន្តិភាព និងស្ថិរភាពនៃតំបន់ និងសហគមន៍អន្តរជាតិ” ។
លោក Hayashi ដែលជារដ្ឋមន្ត្រីទទួលបន្ទុក បញ្ហាចាប់ពង្រត់ជា មួយកូរ៉េខាងជើង បានបន្ថែមថា “យើងមិនត្រូវខ្ជះខ្ជាយ ពេលវេលានោះទេ ហើយផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្នដោយក្លាហាន” ។
ការលើកឡើងរបស់លោក បានធ្វើឡើងជាច្រើន ខែបន្ទាប់ពីកូរ៉េខាងជើង បានច្រានចោលការទំនាក់ទំនង ឬការចរចាណាមួយជាមួយប្រទេសជប៉ុន ដោយអះអាងថា បញ្ហាចាប់ពង្រត់ត្រូវបានដោះស្រាយរួចរាល់ហើយ។ តូក្យូមិនមានទំនាក់ទំនងការទូត ជាមួយក្រុងព្យុងយ៉ាងនោះទេ។
ទោះជាយ៉ាងណាក៏ដោយ កាលពីដើមខែនេះ កាសែតកូរ៉េខាងត្បូង មួយបានរាយការណ៍ថា ប្រទេសជប៉ុន និងកូរ៉េខាងជើង បានជួបប្រជុំសម្ងាត់មួយក្នុងប្រទេសម៉ុងហ្គោលី កាលពីពាក់កណ្តាលខែឧសភា ដោយលើកឡើងពីប្រភពជាច្រើន ខណៈដែលលោក Hayashi បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើព័ត៌មាននេះដោយសារតែ “លក្ខណៈនៃបញ្ហានេះ”៕
ប្រែសម្រួល ឈូក បូរ៉ា