ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាល ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ ងើបឡើងវិញបន្តិច តែកំណើនយឺតជាងខែមុន

AFP

បាងកក៖ ធនាគារកណ្តាលបានឲ្យដឹង កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ បានបន្តដំណើរឆ្ពោះទៅរកការ​ ស្ទុះងើបឡើងវិញនៅក្នុងខែឧសភា ប៉ុន្តែក្នុងល្បឿនយឺតជាងមួយខែមុន ដោយបានធ្លាក់ចុះការនាំចេញ ផលិតកម្ម និងការវិនិយោគឯកជន ។

បើយោងតាមធនាគារ កណ្តាលរបស់ថៃ បានឲ្យដឹងថា សកម្មភាពនៅ ក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ដ៏សំខាន់ បានកើនឡើងជាលំដាប់កាលពីខែមុន បូករួមជាមួយនឹងការកើនឡើងតិចតួចនៃការប្រើប្រាស់ឯកជន ។ ទន្ទឹមនឹងនេះដែរ ការចំណាយរបស់រដ្ឋាភិបាលក៏បានកើនឡើង គួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការពន្លឿននៃ ការបញ្ចេញថវិកា ជាពិសេសការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ។

ធនាគារកណ្តាលបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា នៅក្នុងខែឧសភា អតិផរណាបានកើនឡើង ដោយសារតែថាមពលខ្ពស់ និងតម្លៃអាហារឆៅ ដែលមួយផ្នែកដោយសារឥទ្ធិពលមូលដ្ឋាន ទាបពីការឧបត្ថម្ភធនអគ្គិសនី របស់រដ្ឋាភិបាលកាលពីឆ្នាំមុន និងការដកចេញជាបណ្តើរៗនៃការឧបត្ថម្ភធនលើប្រេងម៉ាស៊ូត ។

បើសម្លឹងមើលទៅមុខ វិស័យទេសចរណ៍ និងការកើនឡើងនៃការចំណាយសាធារណៈ នឹងបន្តជួយដល់សេដ្ឋកិច្ច របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ធនាគារកណ្តាលបានបញ្ជាក់ឲ្យដឹងថា បើទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញ និងផលិតកម្មឧស្សាហកម្មត្រូវបានគេរំពឹងថា នឹងងើបឡើងវិញយឺត ជាពិសេសនៅក្នុងវិស័យ ឧស្សាហកម្មមួយចំនួន ដែលកំពុងប្រឈមនឹងសម្ពាធបន្ថែមពីកត្តារចនាសម្ព័ន្ធ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top