ម៉ូស្គូ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រុស្ស៊ី បានឲ្យដឹងថា កាលពីថ្ងៃសុក្រ លោក Andrei Belousov រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាឱ្យបុគ្គលិកទូទៅ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ស្នើឲ្យមានផែនការឆ្លើយតប ទៅនឹងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក នៅលើសមុទ្រខ្មៅ ។
ក្រសួងខាងលើបានគូសបញ្ជាក់ពីការកើនឡើងនៃភាពញឹកញាប់នៃការហោះហើរយន្តហោះគ្មានមនុស្សបើកជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅលើដែនសមុទ្រខ្មៅ ដែលកំពុងធ្វើការ ឈ្លបយកការណ៍ និងកំណត់គោលដៅសម្រាប់សព្វាវុធ ដែលមានភាពជាក់លាក់ខ្ពស់ដែលផ្គត់ផ្គង់ដល់ កងកម្លាំងអ៊ុយក្រែន ដោយបណ្តាប្រទេស លោកខាងលិច ។
ក្រសួងដដែលនេះបានឲ្យដឹងថា ការហោះហើរយន្តហោះគ្មានមនុស្ស បើកទាំងនេះបង្កើនហានិភ័យនៃឧប្បត្តិហេតុ ដែលពាក់ព័ន្ធនឹងយន្តហោះ របស់កងកម្លាំងអវកាសរុស្ស៊ី ដោយហេតុនេះបង្កើនលទ្ធភាព នៃការប្រឈមមុខដាក់គ្នា ដោយផ្ទាល់រវាងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត ថា (NATO) និងរុស្ស៊ី ។
ក្រសួងបានបញ្ជាក់ថា “នេះបង្ហាញឲ្យឃើញពីការចូលរួមកាន់តែខ្លាំងឡើង របស់សហរដ្ឋអាមេរិក និងប្រទេស សមាជិកអង្គការ NATO នៅក្នុងជម្លោះអ៊ុយក្រែន នៅផ្នែកម្ខាងនៃរបបក្រុងគៀវ” ដោយបានបន្ថែមថា “បណ្តាប្រទេសនៃសមាជិកអង្គការ NATO នឹងទទួលខុសត្រូវ ចំពោះសកម្មភាពទាំងនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា