ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រ ទី២៨ ខែមិថុនានេះថា ប្រទេសរុស្ស៊ី ចាំបាច់ត្រូវចាប់ផ្តើមការផលិត ប្រព័ន្ធវាយប្រហារ កងកម្លាំងនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម (INF) ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិក។
លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា “នៅឆ្នាំ២០១៩ យើងបានប្រកាសថា យើងនឹងមិនផលិតមីស៊ីលទាំងនេះទេ ហើយយើងនឹងមិនដាក់ពង្រាយ ពួកវារហូតដល់សហរដ្ឋអាមេរិក បញ្ចប់ការដាក់ពង្រាយប្រព័ន្ធទាំងនេះ នៅក្នុងតំបន់មួយចំនួននៃពិភពលោក” ។
លោកបានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះសហរដ្ឋអាមេរិក មិនត្រឹមតែផលិតប្រព័ន្ធមីស៊ីលទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែបាននាំពួកគេទៅកាន់អឺរ៉ុបរួចហើយ សម្រាប់សមយុទ្ធយោធា។
លោកពូទីន បានសង្កត់ធ្ងន់ថា “ជាក់ស្តែង យើងត្រូវចាប់ផ្តើមផលិតប្រព័ន្ធទាំងនេះ ហើយបន្ទាប់មកផ្អែក លើស្ថានភាពជាក់ស្តែង ធ្វើការសម្រេចចិត្តអំពីកន្លែង ដែលប្រសិនបើចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់យើង ដើម្បីដាក់ពង្រាយពួកវា” ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង សហភាពសូវៀត បានចុះហត្ថលេខាលើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមក្នុងឆ្នាំ១៩៨៧ ដែលហាមប្រាម ការកាន់កាប់ ការអភិវឌ្ឍ និងការធ្វើតេស្តមីស៊ីលផ្លោងនៅលើដីដែលមានចម្ងាយពី ៥០០-៥,៥០០ គីឡូម៉ែត្រ៕
ប្រែសម្រួល ឈូក បូរ៉ា