បរទេស៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌមួយ ចំនួនប៉ុណ្ណោះ។ លោកបានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលជជែកដេញ ដោលប្រធានាធិបតី លើកដំបូងជាមួយលោក Joe Biden ដែលរៀបចំដោយ CNN ក្នុងទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ អ្នកសម្របសម្រួល Dana Bash បានសួរទៅលោក Trump បីដងថាតើលោកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតដែរឬទេ។ បុរសអាយុ ៧៨ ឆ្នាំរូបនេះបានគេចពីសំណួរពីរដង ប៉ុន្តែនៅទីបំផុតបានឆ្លើយតបថា “ប្រសិនបើវាជាការបោះឆ្នោតត្រឹមត្រូវ និងស្របច្បាប់ និងត្រឹមត្រូវ នោះជាការពិត គឺលោកទទួល”។
លោក Trump មិនដែលទទួលស្គាល់ជាសាធារណៈចំពោះបរាជ័យចំពោះលោក Biden ក្នុងការបោះឆ្នោតឆ្នាំ ២០២០នោះទេ។ លោកបានអះអាងថា សំឡេងឆ្នោតត្រូវបានគេលួចពីលោក ហើយលោកថែមទាំងបានជំទាស់នឹងលទ្ធផលនៅតុលាការ ប៉ុន្តែមិនបានជោគជ័យទេ។
លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយសំដៅទៅលើការបោះឆ្នោតឆ្នាំ២០២០ ថា “ខ្ញុំពិតជាចង់ទទួលយក [លទ្ធផល] ទាំងនេះ ប៉ុន្តែការក្លែងបន្លំ និងអ្វីៗផ្សេងទៀត គឺគួរឱ្យអស់សំណើច” ។
បេក្ខភាពតំណាងមកពីគណបក្សសាធារណរដ្ឋរូបនេះបាននិយាយអំពីលោក Bidenថា “វាងាយស្រួលជាងសម្រាប់ខ្ញុំក្នុងការធ្វើវាជាងការរត់ម្តងទៀត។ ខ្ញុំពិតជាមិនរត់ទាល់តែបានឃើញការងារដ៏អាក្រក់ដែលគាត់បានធ្វើ។ គាត់កំពុងបំផ្លាញប្រទេស” ៕
ប្រែសម្រួលៈ ណៃ តុលា