ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ ជំរុញឱ្យបង្កើនកិច្ច ខិតខំប្រឹងប្រែង ដើម្បីការពារជនស៊ីវិល នៅក្នុងជម្លោះប្រដាប់អាវុធ

Xinhua

យូអិន ៖ ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ បានអនុម័តសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រដោយអំពាវនាវ ឱ្យរដ្ឋជាសមាជិកបង្កើន កិច្ចខិតខំប្រឹងប្រែង ឡើងវិញដើម្បីពង្រឹងការការពារជនស៊ីវិល នៅក្នុងជម្លោះប្រដាប់អាវុធ ។

ដោយបង្ហាញពីការព្រួយបារម្ភអំពីរបាយការណ៍ នៃការកើនឡើងយ៉ាងខ្លាំងនៃអ្នកបាត់ខ្លួននៅក្នុងជម្លោះប្រដាប់អាវុធ ក្រុមប្រឹក្សាបានអនុម័ត ជាឯកច្ឆ័ន្ទនូវសេចក្តីថ្លែងការណ៍ ក្នុងគោលបំណងផ្លាស់ប្តូរនិន្នាការដោយជំរុញវិធានការ ដែលមានចែងនៅក្នុងដំណោះស្រាយ ដែលបានអនុម័តកាលពី ៥ឆ្នាំមុន។

នៅឆ្នាំ២០១៩ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៤៧៤ ស្តីពីមនុស្សបាត់ខ្លួនជាលទ្ធផលនៃជម្លោះប្រដាប់អាវុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៧៥ នៃការអនុម័តអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងខួបលើកទី២៥ នៃការពិចារណារីកចម្រើនរបស់ខ្លួននៃ “ការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ” ជាបញ្ហាប្រធានបទ ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់លើ “តម្រូវការយូរអង្វែង” សម្រាប់ក្រុមប្រឹក្សា និងរដ្ឋជាសមាជិក ក្នុងបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីពង្រឹងការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ។

ក្រុមប្រឹក្សាបានអំពាវនាវ ដល់ភាគីជម្លោះ ប្រដាប់អាវុធឱ្យ “ចាត់វិធានការសមស្របទាំងអស់ ដើម្បីស្វែងរកយ៉ាងសកម្ម នូវមនុស្សដែលបានរាយការណ៍ថា បានបាត់ខ្លួន ដើម្បីឱ្យការត្រឡប់មកវិញនៃអដ្ឋិធាតុរបស់ពួកគេ រាប់ចំនួនអ្នកដែលបានរាយការណ៍ថា បានបាត់ខ្លួន និងដាក់បណ្តាញសមស្រប ដែលអនុញ្ញាតឱ្យមានការឆ្លើយតប និងការទំនាក់ទំនងជាមួយក្រុមគ្រួសារ លើដំណើរការស្វែងរក”។

ក្រុមប្រឹក្សាបានជំរុញឱ្យភាគី ទាំងអស់ “ប្រមូល ការពារ និងគ្រប់គ្រងទិន្នន័យ និងឯកសារពាក់ព័ន្ធទាំងអស់ អំពីអ្នកបាត់ខ្លួនជាលទ្ធផល នៃជម្លោះប្រដាប់អាវុធ” ហើយបានអំពាវនាវឱ្យរដ្ឋនានាចាត់វិធានការសមស្របដើម្បី “ធានាឱ្យបាននូវភាពហ្មត់ចត់ ឆាប់រហ័ស ការស៊ើបអង្កេតមិនលម្អៀង និងមានប្រសិទ្ធភាព និងការកាត់ទោសនៃបទល្មើសដែលទាក់ទងនឹងជនបាត់ខ្លួន ក្រោមច្បាប់ជាតិ និងអន្តរជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top