ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសរដ្ឋាភិបាលលោកខាងលិច ដែលអនុញ្ញាត ឱ្យមានការយាយី លើអ្នកបោះឆ្នោតអ៊ីរ៉ង់ នៅក្រៅប្រទេស

Xinhua

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានស្តីបន្ទោសរដ្ឋាភិបាលលោកខាងលិចមួយចំនួន ចំពោះការអនុញ្ញាតឲ្យ “អ្នករំខាន” មួយចំនួន បំភិតបំភ័យ និងប្រមាថអ្នកបោះឆ្នោតអ៊ីរ៉ង់ នៅក្រៅប្រទេស ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេសនេះ។

លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបុគ្គលប្រឆាំងអ៊ីរ៉ង់ ជាច្រើននាក់ បានយាយីអ្នកបោះឆ្នោត អ៊ីរ៉ង់ នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋមួយចំនួន ដូចជាចក្រភពអង់គ្លេស និងអូស្ត្រាលី ដើម្បីរារាំងពួកគេមិនឱ្យ បោះឆ្នោតរបស់ពួកគេ ។

អ្នក​នាំពាក្យ​រូប​នេះ​បាន​លើកឡើងថា “អ្នក​បង្អាក់​ដែល​កំណត់​ខ្លួន​ថា​ជា​អ្នក​ប្រឆាំង​នឹង​ការ​បង្កើត​រដ្ឋ​អ៊ិស្លាម (អ៊ីរ៉ង់) បាន​ប៉ុនប៉ង​តាម​រយៈ​ការ​បំភិត​បំភ័យ ការ​ប្រមាថ និង​អាកប្បកិរិយា​អសុរោះ និង​ពាក្យ​ប្រមាថ​បំផុត រារាំង​ជនបរទេស​អ៊ីរ៉ង់​មិន​ឱ្យ​ចូល​រួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ”។

លោក Kanaani បានថ្កោលទោស រដ្ឋាភិបាលលោកខាងលិចមួយចំនួន ដែលអះអាងថាជា “លទ្ធិប្រជាធិបតេយ្យជើងឯក” ប៉ុន្តែមិនបានចាត់វិធានការ ផ្លូវច្បាប់ និងការការពារប្រឆាំង នឹងអ្នកដែល “រំលោភលើសិទ្ធិស្របច្បាប់របស់ពលរដ្ឋអ៊ីរ៉ង់”។

លោក​បាន​ជំរុញ​អាជ្ញាធរ​លោកខាងលិច​ទាំងនោះ​ឱ្យ​ផ្តល់​ការពន្យល់ និង​ចាត់វិធានការ​សមស្រប​ដើម្បី​ឆ្លើយតប​ទៅនឹង​អាកប្បកិរិយា​ព្រៃផ្សៃ និង​ខុសច្បាប់​បែបនេះ​។

ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់អ៊ីរ៉ង់ដែលកំណត់ដំបូង សម្រាប់ឆ្នាំ២០២៥ ត្រូវបានកំណត់ពេលឡើងវិញ បន្ទាប់ពីការស្លាប់ដែលមិននឹកស្មាន ដល់របស់អតីតប្រធានាធិបតីលោក Ebrahim Raisi ក្នុងឧទ្ធម្ភាគចក្រ ធ្លាក់កាលពីថ្ងៃទី១៩ ខែឧសភា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top