ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងតួកគី ព្រមានពីភាពចលាចលក្នុងតំបន់ ដោយសារការកើនឡើង ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ និងប្រទេសតួកគី បានព្រមានពីផលវិបាក នៃការវាយប្រហារដ៏យូរ របស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា និងការវាយប្រហារ ដ៏មានសក្តានុពលលើប្រទេសលីបង់ ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសជាអ្នកចាំផ្ទះអ៊ីរ៉ង់លោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសតួកគី Hakan Fidan បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់ នៅក្នុងតំបន់ហ្គាហ្សា ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន និងទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ។

លោក Bagheri Kani បានគូសបញកជាក់ពី “ឧក្រិដ្ឋកម្មឃោរឃៅ” របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប និងការគំរាមកំហែង របស់អ៊ីស្រាអែល ប្រឆាំងនឹងលីបង់។

លោកបានសង្កត់ធ្ងន់ថា ការតស៊ូរបស់លីបង់ បានត្រៀមខ្លួនជាស្រេចទាំងស្រុង ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់អ៊ីស្រាអែល ដោយកត់សម្គាល់ថា រាល់សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងលីបង់ នឹងត្រូវចំណាយយ៉ាងធំធេងសម្រាប់ពួកគេ។

រដ្ឋមន្ត្រីស្តីទីអ៊ីរ៉ង់បានឲ្យដឹងថា ប្រាំបួនខែបានកន្លងផុតទៅចាប់តាំងពីការផ្ទុះជម្លោះ នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី០៧ ខែតុលា ហើយជនជាតិអ៊ីស្រាអែល នៅតែមិនអាចត្រឡប់ស្ថានការណ៍ ដូចពីមុននោះទេ។

លោកបានសង្កត់ធ្ងន់ថា ជនជាតិ អ៊ីស្រាអែល គួរតែដឹងពីកំហុសថ្មីណាមួយដោយពួកគេនៅក្នុងប្រទេសលីបង់ នឹងនាំទៅរកការលាតត្រដាង នៃស្ថានភាពថ្មីនៅកម្រិតតំបន់ប្រឆាំងនឹងពួកគេ ហើយពួកគេនឹងមិនអាចទូទាត់សង សម្រាប់កំហុសជាយុទ្ធសាស្ត្ររបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top